ប្រទេសចិន ៖ សាលាមត្តេយ្យឯកជននៅចិនបានបិទទ្វារជាបន្តបន្ទាប់ ខណៈកុមារមកចុះឈ្មោះចូលរៀនបានធ្លាក់ចុះអស់២ឆ្នាំមកហើយ ស្របនឹងអត្រាកំណើតថ្មីធ្លាក់ចុះខ្លាំងជាប្រវត្តិសាស្ត្រ បើទោះជារដ្ឋាភិបាលមានគោលនយោបាយជំរុញឱ្យមានកូន ក៏មិនបានជួយអ្វីដែរ ព្រោះការរៀបអាពាហ៍ពិពាហ៍មិនមែនជារឿងចាំបាច់សម្រាប់យុវវ័យទៀតទេ ។
South China Morning Post រាយការណ៍ថា បច្ចុប្បន្ន សាលាមត្តេយ្យឯកជនចាប់ផ្តើមរងផលប៉ះពាល់ដោយសារកុមារមកចុះឈ្មោះចូលរៀនធ្លាក់ចុះ ។ មូលហេតុចម្បង គឺដោយសារអត្រាកំណើតធ្លាក់ចុះ ខណៈការបង់សាលាមានតម្លៃខ្ពស់ បើធៀបនឹងសាលារដ្ឋ ធ្វើឱ្យប្រាក់ចំណូលរបស់សាលាឯកជនជាច្រើនធ្លាក់ចុះ ហើយខ្លះទៀតខាតទុនតែម្តង ។
Liu Dewei ម្ចាស់សាលាមត្តេយ្យ Beilei ថ្លែងថា នៅក្នុងតំបន់នេះមានពលរដ្ឋចំនួន៦៥ម៉ឺន៦ពាន់នាក់ ប៉ុន្តែមានកុមារមកចុះឈ្មោះចូលរៀនត្រឹម១៤០នាក់ប៉ុណ្ណោះ ហើយនៅឆ្នាំ២០២០ បានចាប់ផ្តើមធ្លាក់ចុះសល់តែ៣០នាក់ ។ មុនដំបូងគិតថា មកពីជំងឺកូវីដរាតត្បាត ប៉ុន្តែបន្ទាប់ពីក្រុងប៉េកាំងលុបចោលវិធានការរឹតបន្តឹងកូវីដ ស្ថានការណ៍ក៏មិនប្រសើរឡើង ហើយចាប់ផ្តើមប៉ះពាល់ផ្នែកហិរញ្ញវត្ថុ ដូច្នេះ ត្រូវពិចារណាបិទសាលា ។ លោកថា ៖ «សាលាបានគ្រប់គ្រងការចំណាយ និងមិនទិញឧបករណ៍សម្រាប់ការបង្រៀន និងរៀនទេ បើស្ថានការណ៍មិនល្អទៀត អាចនឹងបិទទ្វារនៅឆ្នាំ២០២៣» ។
តាមទិន្នន័យរបស់រដ្ឋបង្ហាញថា ចំនួនទារកកើតថ្មីនៅចិនបានធ្លាក់ចុះខ្លាំងបើធៀបនឹងឆ្នាំ២០១៦ ដែលមានអត្រាកំណើត១៨,៨លាននាក់ ខណៈឆ្នាំ២០២២ មានអត្រាកំណើតត្រឹម៩,៥លាននាក់ប៉ុណ្ណោះ គឺទាបបំផុតក្នុងប្រវត្តិសាស្ត្រ ។
Yuan Xin អ្នកឯកទេសប្រជាសាស្ត្រនៃមហាវិទ្យាល័យ Nankai ប្រាប់ថា បើទោះជារយៈពេល៣ឆ្នាំមកនេះ ប្រធានាធិបតី លោក ស៊ី ជិនពីង មានគោលនយោបាយជំរុញឱ្យពលរដ្ឋមានកូន៣នាក់ក្នុងមួយគ្រួសារ ដោយឧបត្ថម្ភជាប្រាក់លំហែមាតុភាព និងការថែទាំកូនក្តី ប៉ុន្តែវាមិនងាយទេ ដែលតម្រូវឱ្យយុវវ័យមានកូន ព្រោះការថែទាំកូនម្នាក់ត្រូវចំណាយប្រាក់ច្រើនណាស់ ។
ចិនបានជួបនឹងវិបត្តិពលរដ្ឋធ្លាក់ចុះ ព្រោះអត្រាកំណើតធ្លាក់ចុះទាបជាង១០លាននាក់ ។ តាមរបាយការណ៍ស្ថិតិឆ្នាំ២០២២ ថា ចំនួនអ្នករៀបអាពាហិពិពាហ៍ដំបូងបានធ្លាក់ចុះមកត្រឹម១១,៦លាននាក់ ខណៈឆ្នាំ២០១៣ ស្មើ២៣,៩លាននាក់ ។
Xiong Bingqi នាយកវិទ្យាស្ថានស្រាវជ្រាវអប់រំដាស់តឿនថា ចំនួនពលរដ្ឋនៅតែធ្លាក់ចុះអាចធ្វើឱ្យសាលាមត្តេយ្យធំៗត្រូវបិទទ្វារ បើរដ្ឋាភិបាលមិនជួយគាំទ្រសាលាមត្តេយ្យទូទាំងប្រទេសទេនោះ សាលាមត្តេយ្យឯកជនប្រមាណ៣០%-៥០% នឹងបិទទ្វារនៅឆ្នាំ២០៣០ ៕
ប្រភព ៖ thestandardwealth










