សហរដ្ឋអាមេរិក ៖ ស្ថានទូតអាមេរិកប្រចាំក្រុងមូស្គូបានជូនដំណឹងទៅកាន់ពលរដ្ឋខ្លួនឱ្យប្រញាប់ចាកចេញពីប្រទេសរុស្ស៊ីជាបន្ទាន់ ដោយនិយាយថា សង្គ្រាមនៅអ៊ុយក្រែនធ្វើឱ្យពលរដ្ឋអាមេរិកប្រឈមនឹងគ្រោះថ្នាក់អាចត្រូវគេឃុំខ្លួនតាមអំពើចិត្ត ឬរងការគំរាមកំហែងណាមួយដោយសារការអនុវត្តច្បាប់របស់រុស្ស៊ី ។
កាលពីថ្ងៃទី១២ ខែកុម្ភៈ ស្ថានទូតអាមេរិកបានដាស់តឿនថា ពលរដ្ឋអាមេរិកកំពុងស្នាក់នៅ ឬធ្វើដំណើរនៅរុស្ស៊ី គួរតែប្រញាប់ចាកចេញពីប្រទេសនេះជាបន្ទាន់ ។ លើសពីនេះ ស្ថានទូតអាមេរិកស្នើទៅកាន់ពលរដ្ឋខ្លួនថា ត្រូវប្រុងប្រយ័ត្នដោយខ្លួនឯង ព្រោះអាចត្រូវគេចាប់ខ្លួន ហើយកុំធ្វើដំណើរមកកាន់រុស្ស៊ីឱ្យសោះ ។ អាមេរិកធ្លាប់បានដាស់តឿនពលរដ្ឋក្នុងការធ្វើដំណើរមករុស្ស៊ីជាច្រើនលើក ហើយដាស់តឿនចុងក្រោយកាលពីខែកញ្ញា នៅពេលប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន អំពាវនាវប្រមូលកងកម្លាំងទៅធ្វើសង្គ្រាមនៅអ៊ុយក្រែន ។
ស្ថានទូតអាមេរិកប្រកាសថា គេមិនអាចដឹងមុនទេ ដែលពលរដ្ឋអាមេរិកត្រូវប្រឈមក្នុងសង្គ្រាមអ៊ុយក្រែន រួមទាំងការបង្ខំឱ្យធ្វើកងទ័ពសម្រាប់បុគ្គលមានសញ្ជាតិ២ ។ រុស្ស៊ីអាចបដិសេធមិនទទួលស្គាល់ពលរដ្ឋអាមេរិកដែលមានសញ្ជាតិ២ និងមិនអនុញ្ញាតឱ្យពួកគេទទួលបានជំនួយកុងស៊ុល ខណៈហាមឃាត់ការធ្វើដំណើរចេញពីរុស្ស៊ី ។
ស្ថានទូតអាមេរិកបន្ថែមថា កន្លងមក ភ្នាក់ងារសន្តិសុខរុស្ស៊ីធ្លាប់ចាប់ពលរដ្ឋអាមេរិកឃុំខ្លួនដោយចោទប្រកាន់ថា ជាបណ្តាញសម្ងាត់ និងគំរាមកំហែង ។ រុស្ស៊ីមិនប្រព្រឹត្តជាមួយពលរដ្ឋអាមេរិកដោយតម្លាភាព និងយុត្តិធម៌ទេ ពួកគេប្រើវិធីសាស្ត្រស៊ើបអង្កេតសម្ងាត់ដើម្បីចាប់កំហុសពលរដ្ឋអាមេរិកដោយមិនបង្ហាញភស្តុតាងច្បាស់លាស់ ។ លើសពីនេះ រុស្ស៊ីបានយកច្បាប់របស់ខ្លួនមកប្រើប្រាស់ជាមួយពលរដ្ឋអាមេរិកដែលបម្រើការផ្នែកសាសនា និងស៊ើបអង្កេតឧក្រិដ្ឋកម្មលើអ្នកចូលរួមសកម្មភាពសាសនា ។
ដូចគ្នានេះ ក្រសួងការបរទេសអាមេរិកក៏បានដាស់តឿនដែរថា ហាមពលរដ្ឋធ្វើដំណើរក្នុងប្រទេសរុស្ស៊ីដាច់ខាត តាំងពីក្រុងមូស្គូបានបញ្ជូនកងទ័ពទៅឈ្លានពានអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២ ៕.jpg)
ប្រភព ៖ MGRonline










