កាលពីថ្ងៃទី៥ ខែកុម្ភៈ កន្លងមក EU បានចាប់ផ្តើមអនុវត្តវិធានការហាមឃាត់ការនាំចូលប្រេងម៉ាស៊ូត និងផលិតផលពាក់ព័ន្ធផ្សេងៗរបស់រុស្ស៊ី ដើម្បីកាត់បន្ថយការពឹងផ្អែកប្រទេសរុស្ស៊ី និងកាត់ផ្តាច់ប្រភពចំណូលសំខាន់របស់រុស្ស៊ី តាមកិច្ចព្រមព្រៀងរួមគ្នាជាមួយក្រុមប្រទេស G7 រួមមាន អាមេរិក អង់គ្លេស អាល្លឺម៉ង់ បារាំង អ៊ីតាលី ជប៉ុន និងកាណាដា ។
ទោះយ៉ាងណា ប្រេងម៉ាស៊ូតរបស់រុស្ស៊ីនៅតែអាចចែកចាយទៅកាន់ប្រទេសផ្សេងទៀតដូចជា ចិន និងឥណ្ឌា ។ វិធានការហាមឃាត់របស់ EU នឹងទប់ស្កាត់តម្លៃប្រេងកើនឡើងភ្លាមៗ ដែលជះឥទ្ធិពលដល់អ្នកប្រើប្រាស់ទូទាំងពិភពលោក ហើយវិធានការនេះនឹងធ្វើឱ្យប្រាក់ចំណេញរុស្ស៊ីធ្លាក់ចុះ ហើយប៉ះពាល់ដល់ប្រាក់របស់រុស្ស៊ីសម្រាប់គ្រប់គ្រងប្រទេស និងធ្វើសង្គ្រាមផងដែរ ។
វិធានការដាក់ទណ្ឌកម្មថាមពលរុស្ស៊ីជាថ្មីនេះ នឹងធ្វើឱ្យតម្លៃប្រែប្រួល ខណៈប្រទេសជាសមាជិក EU អាចរកទិញប្រេងម៉ាស៊ូតពីអាមេរិក និងមជ្ឈិមបូព៌ា ជំនួសការទិញប្រេងម៉ាស៊ូតពីរុស្ស៊ី ។ កាលពីមុន រុស្ស៊ីធ្លាប់បាននាំចេញប្រេងម៉ាស៊ូតមកកាន់ EU ស្មើ១០% នៃតម្រូវការទាំងអស់ក្នុងតំបន់ ។
តាមទិន្នន័យពី EU បញ្ជាក់ថា តម្លៃប្រេងម៉ាស៊ូតនៅស្ថានីយប្រេងឥន្ធនៈស្មើ១,៨០យូរ៉ូ/១លីត្រ (សម្រាប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣) ។ ក្រុមប្រទេស G7 បានកំណត់តម្លៃប្រេងឥន្ធនៈ និងប្រេងសាំងរបស់រុស្ស៊ីខ្ពស់បំផុតមិនលើសពី១០០ដុល្លារ/១បារ៉ែល ហើយហាមឃាត់ការដឹកជញ្ជូនប្រេងម៉ាស៊ូតដែលលក់ក្នុងតម្លៃខ្ពស់ជាងនេះ ។ EU ឱ្យដឹងថា អ្នកនាំចូលប្រេងមានពេលគ្រប់គ្រាន់ត្រៀមខ្លួន ។
គួរបញ្ជាក់ថា កន្លងមក ប្រទេសរុស្ស៊ីទទួលបានប្រាក់ចំណូលចំនួន២.០០០លានដុល្លារពីការនាំចេញប្រេងម៉ាស៊ូតទៅកាន់អឺរ៉ុបនៅខែធ្នូកន្លងមក (សម្រាប់តែខែធ្នូប៉ុណ្ណោះ) ដោយប្រទេសនាំចូលបានបង្កើនចំនួនស្តុកប្រេងរបស់ខ្លួន មុននឹងអនុវត្តវិធានការហាមឃាត់ការនាំចូលប្រេងពីរុស្ស៊ី ៕
ប្រភព ៖ NationWorldNews










