បរទេស៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឱ្យដឹងថា មានមនុស្សប្រាំបីនាក់បានស្លាប់ និងជាច្រើននាក់ផ្សេងទៀតបានបាត់ខ្លួន បន្ទាប់ពីមានខ្យល់ព្យុះទឹកកកបានវាយប្រហារបិទផ្លូវរោងក្រោមដីនៅតំបន់ភ្នំទីបេ។

កាលពីថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២៣ ទីភ្នាក់ងារសារព័ត៌មាន Xinhua បានរាយការណ៍ពីឧបទ្ទវហេតុនៃការធ្លាក់ទឹកក ដែលបានកើតឡើងនៅច្រកចេញនៃផ្លូវរូងក្រោមដីមួយកន្លែងនៅលើផ្លូវហាយវេទីក្រុង Nyingchi ក្នុងតំបន់ Medog County ទៅកាន់ទីក្រុង Mainling នៅភាគអាគ្នេយ៍ទីបេ និងជាតំបន់ទេសចរណ៍ដ៏ពេញនិយមមួយកន្លែង។

ជាមួយគ្នានោះបើយោងតាមមន្ត្រីក្នុងតំបន់បានឱ្យដឹងថាទីក្រុង Nyingchi មានសណ្ថានដីកម្ពស់ ៣,០៤០ ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ ហើយការធ្លាក់ទឹកកកនេះបានបណ្ដាលឱ្យជាប់មនុស្សនៅក្នុងរថយន្តរបស់ពួកគេខណៈពេលកំពុងធ្វើដំណើរលើផ្លូវរូងក្រោមដីនៃតំបន់នោះ។

យ៉ាងណាមិញបន្ទាប់ពីហេតុការណ៍នេះកើតឡើង ក្រុមអ្នកជួយសង្គ្រោះរាប់រយនាក់ត្រូវបានបញ្ជូនមកដើម្បីដោះស្រាយស្ថានភាព រួមជាមួយនឹងម៉ាស៊ីនធំៗចំនួន ៣០គ្រឿង ដើម្បីជួយក្នុងការស្វែងរកអ្នកបាត់ខ្លួន។

ក្នុងនោះគេបានរាយការណ៍មកថា ក្នុងហេតុការណ៍នេះបានបណ្ដាលឱ្យមនុស្សចំនួន៨នាក់បានបាត់បង់ជីវិត និងមានអ្នកបាត់ខ្លួន​ជាច្រើននាក់ផ្សេងទៀត។

ហើយប្រតិបត្តិការជួយសង្គ្រោះកំពុងដំណើរការសម្រាប់អ្នកបាត់ខ្លួន ដែលគេមិនទាន់ដឹងច្បាស់ថាមានមនុស្សប៉ុន្មាននាក់នោះទេដែលបានបាត់ខ្លួនពីឧបទ្ទវហេតុកើតឡើងមួយនេះ។

គួរបញ្ជាក់ផងដែរថា តំបន់ភ្នំនេះងាយនឹងកើតមានការធ្លាក់ព្រិលជាញឹកញាប់ ដោយកាលពីខែ តុលា ឆ្នាំ២០២២កន្លងទៅ ក៏ធ្លាប់មានការធ្លាក់ទឹកកកបោកបក់លើផ្លូវភ្នំមួយនេះ ដោយបានសម្លាប់មនុស្សយ៉ាងតិច ២៦ នាក់ផងដែរ៕ ប្រភព៖ Thairath