បរទេស៖ រដ្ឋាភិបាលឌូបៃ បានលុបចោលការយកពន្ធ ៣០ភាគរយ លើគ្រឿងស្រវឹង ដើម្បីជាគោលដៅទាក់ទាញភ្ញៀវទេសចរ និង ជនបរទេសឱ្យមកទស្សនាកាន់តែច្រើន។

កាលពីថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២៣ កន្លងទៅនេះ ទីក្រុងឌូបៃ បានរាយការណ៍ពីការ ប្រកាសផ្អាកពន្ធ ៣០ភាគរយ លើភេសជ្ជៈមានជាតិអាល់កុល រួមទាំងការលុបចោលថ្លៃអាជ្ញាប័ណ្ណសម្រាប់ការទិញភេសជ្ជៈមានជាតិអាល់កុលសម្រាប់ភ្ញៀវទេសចរ ឬជនបរទេសដែលមានស្ថានភាពស្នាក់នៅរយៈពេលវែង ឬអចិន្ត្រៃយ៍។

ការផ្លាស់ប្តូរនេះបានចូលជាធរមាននៅថ្ងៃទី ១ ខែមករា ឆ្នាំ២០២៣ ហើយនឹងជាវិធានការសាកល្បងបណ្តោះអាសន្នសម្រាប់រយៈពេលមួយឆ្នាំ ដែលជាការផ្លាស់ប្តូរមួយដែលត្រូវបានគេរំពឹងថានឹងទាក់ទាញភ្ញៀវទេសចរ និងជនបរទេសមកកាន់ទីក្រុងដ៏ប្រណិតមួយនេះកាន់តែច្រើននាពេលអនាគត។

ជាមួយគ្នានោះបន្ទាប់ពីការលុបចោលការយកពន្ធ ៣០ភាគរយនេះចេញជាធរមាន ក៏មានភ្ញៀវទេសចរជាច្រើនបានបញ្ចេញមតិផ្សេងៗគ្នាថា វាជារឿងល្អសម្រាប់ទីក្រុងឌូបៃ ក្នុងការលុបចោលពន្ធលើគ្រឿងស្រវឹង ព្រោះវាផ្តល់ឱកាសឱ្យមិត្តភ័ក្កិជួបជុំគ្នាបានញឹកញាប់ជាងមុន។

និងអ្នកខ្លះបានបង្ហាញថា វិធានការនេះគឺជាដំណឹងល្អសម្រាប់ឧស្សាហកម្មបដិសណ្ឋារកិច្ច បន្ទាប់ពី ត្រូវទទួលបន្ទុកចំណាយដែលបានកើនឡើងយ៉ាងខ្លាំងនាពេលកន្លងមក។ ហើយនេះក៏ផ្ដល់ឱកាសឱ្យភ្ញៀវទេសចរមានពេលវេលាក្នុងការរីករាយជាមួយទិដ្ឋភាពសម្រស់នៃទីក្រុងឌូបៃ រួមជាមួយនឹងការទទួលទានភេសជ្ជៈមានជាតិអាល់កុល ដូចជាស្រាល្អៗជាច្រើនប្រភេទជាមួយនិងតម្លៃសមរម្យ ក្នុងការជួបជុំមិត្តភ័ក្តិ ឬក្រុមគ្រួសារជាដើម។

ពិតណាស់សម្រាប់ទីក្រុងឌូបៃ ត្រូវបានគេចាត់ទុកថាជាទីក្រុងដែលមានអ្នកចូលទស្សនាច្រើនជាងគេបំផុតក្នុងពិភពលោករួចទៅហើយ ប៉ុន្តែរដ្ឋាភិបាលនៅតែខិតខំប្រឹងប្រែងពន្លឿនវិធានការទាក់ទាញភ្ញៀវ ទេសចរបន្ថែមទៀតឱ្យបាន ២៥ លាននាក់នៅក្នុងឆ្នាំ ២០២៥ ដោយការ ច្របាច់បញ្ចូលគ្នារវាង នាយកដ្ឋានសេដ្ឋកិច្ច និង ទេសចរណ៍ ដើម្បីបង្ហាញពីសារៈសំខាន់សេដ្ឋកិច្ចនៃវិស័យនេះ។

គួរបញ្ជាក់ថាទីក្រុងឌូបៃបានស្វាគមន៍ភ្ញៀវទេសចរចំនួន ៧.១ លាននាក់នៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២២ ដែលកើនឡើង ១៨៣ភាគរយ បើធៀបនឹងឆ្នាំ ២០២១ បន្ទាប់ពីសេដ្ឋកិច្ច និងឧស្សាហកម្មបានងើបឡើងវិញយ៉ាងឆាប់រហ័សពីវិបត្តិកូវីដ-១៩៕ ប្រភព៖ pptvhd36