រដ្ឋធានីកៀវ៖ រហូតមកដល់ពេលនេះ បណ្ដាបស្ចិមលោក ចំនួន៥ប្រទេស បានត្រៀមខ្លួនរួចជាស្រេច សម្រាប់ការបញ្ជូនរថក្រោះ Leopard 2 ទៅឲ្យប្រទេសអ៊ុយក្រែន ដើម្បីបណ្ដេញទាហានរុស្ស៊ី ឲ្យចេញអស់ពីប្រទេសរបស់ពួកគេ ហើយក្រុងកៀវ ក៏មានគម្រោង បង្កើតកងទ័ពតូចរថក្រោះប្រភេទនេះផងដែរ។
សារព័ត៌មាន Military បានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី១៥ ខែមករា ថា លោក ឌីមីត្រូ គូឡេបា (Dmytro Kuleba) រដ្ឋមន្រ្ដីក្រសួងការបរទេសអ៊ុយក្រែន បានបញ្ជាក់ ថា អ៊ុយក្រែន មានផែនការបង្កើតកងពលតូចរថក្រោះ Leopard 2 ផលិត ដោយអាល្លឺម៉ង់។ ឥឡូវនេះ មានប្រទេសចំនួន៥ បានត្រៀមខ្លួនរួចរាល់ហើយ សម្រាប់ការបញ្ជូនរថក្រោះ ប្រភេទនេះ មកឲ្យកងទ័ពការពារទឹកដីរបស់ក្រុងកៀវ។
លោករដ្ឋមន្រ្ដី បានបន្ថែម ថា «បារាំង ក្លាយជាប្រទេសអឺរ៉ុបដំបូងគេ ដែលបានផ្ដល់រថក្រោះផលិតដោយបស្ចិមលោក ហើយបន្ទាប់មក គឺប៉ូឡូញ។ ប៉ុន្ដែការសន្យាផ្ដល់រថក្រោះ Leopard ជាជំហានទី២។
ជាមួយគ្នានេះ លោករដ្ឋមន្រ្ដីក្រសួងការបរទេសអ៊ុយក្រែន កំពុងតែលើកទឹកចិត្តដល់ប្រទេសផ្សេងទៀត ដែលរហូតមកដល់ពេលនេះ កំពុងតែស្ងៀមស្ងាត់។ ប៉ុន្ដែពួកគេ បានខ្សឹបប្រាប់ពួកយើង ថា ពួកគេ ត្រៀមប្រគល់រថក្រោះ Leopard មកឲ្យអ៊ុយក្រែន។ ចំណែកប្រទេសចំនួន៣ទៀត ដែលនឹងផ្ដល់រថក្រោះមកឲ្យក្រុងកៀវ នោះ រួមមាន ដាណឺម៉ាក ហ្វាំងឡង់ដ៍ និង ចក្រភពអង់គ្លេស៕










