ប្រទេសថៃ៖ មានហេតុការណ៍នៃករណីពុលអាហារ នៅក្នុងសាលាមួយកន្លែង​​ ដែលបណ្ដាលឱ្យមានមសិស្សសាលាចំនួន៥៨នាក់រងគ្រោះយ៉ាងធ្ងន់ធ្ងរ ​និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាម។

កាលពីថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២៣ កន្លងទៅនេះ មានសេចក្ដីរាយការណ៍មួយបានឱ្យដឹងថា មានរណីនៃការពុលអាហារក្នុងសាលារៀនមួយកន្លែងស្ថិតនៅ សង្កាត់ Chomthong  ទីក្រុងបាងកក ដែលបានបណ្ដាលឱ្យក្មេងសិស្សសាលាចំនួន ៥៨នាក់ មានចាប់ពីថ្នាក់មត្តេយ្យ១ដល់ថ្នាក់ទី៦ ដោយមានអាការពុលអាហារ ដោយវិលមុខ ក្អួត និង ឈឺពោះ និងឈឺក្បាល។

បន្ទាប់ពីមានការរាយការណ៍ពីសាលា រថយន្តសង្គ្រោះរបស់មន្ទីរពេទ្យក្បែរនោះក៏បានមកទទួលសិស្សរងគ្រោះទាំងអស់នោះបញ្ជូនទៅកាន់មន្ទីរពេទ្យ និងបានម្របសម្រួល ដើម្បីស៊ើបអង្កេតលើករណីនេះ។

ជាលទ្ធិផលបឋមត្រូវបានគេឱ្យដឹងថា ព្រឹកកើតហេតុ មានអាជីវករលក់ម្ហូបក្នុងវត្ត បានចម្អិនមីកញ្ចប់ឆាដើម្បីចែកជូនកុមារដោយឥតគិតថ្លៃក្នុងឱកាសទិវាកុមារ។ នៅថ្ងៃនោះផងដែរ សាលាក៏មានកម្មវិធីទិវា កុមារដែរ ប៉ុន្តែ អាហារនឹងចាប់ផ្ដើមចែកនៅម៉ោង ១១ ព្រឹកប៉ុន្តែនៅម៉ោង ៩ ព្រឹកក្មេងៗបានទទួលញ៉ាំ មីឆាពីខាងក្រៅសាលារួចទៅហើយ បន្ទាប់មកក៏ចាប់ផ្ដើមមានអាការក្អួតឈឺពោះឈឺក្បាល រាប់សិប ករណី។

ទោះជាយ៉ាងណាស្ថាប័ន ពាក់ព័ន្ធ និងនាយកសាលា ក៏ដូចជាលោកគ្រូអ្នកគ្រូពាក់ព័ន្ធកំពុងតែធ្វើការត្រួតពិនិត្យ និងស៊ើបអង្កេតលើករណីនេះបន្ថែម ថាតើជាករណីអចេតនា ឬជាចេតនា ដើម្បីឈានទៅដល់ការឃាត់ខ្លួនជនបង្កមកដាក់ទោសតាមផ្លូវច្បាប់៕ ប្រភព៖ Thairath