បរទេស៖ ក្រុមហ៊ុនអាកាសចរណ៍ឡាវ គ្រោងនឹងពង្រីកសេវាកម្មលើផ្លូវអាកាសចរជាច្រើនជាមួយប្រទេសចិន ដើម្បីស្វាគមន៍ សម្រាប់រដ្ឋាភិបាលទីក្រុងប៉េកាំងក្នុងការបើកប្រទេសឡើងវិញ។

ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ បានរាយការណ៍ពីទីក្រុងវៀងច័ន្ទ ប្រទេសឡាវ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ថាក្រុមហ៊ុនអាកាសចរណ៍ឡាវ ដែលជាក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់ប្រទេសឡាវ បានប្រកាសផែនការបង្កើនសេវាហោះហើរបន្ថែម ក្នុងអំឡុងខែ កុម្ភៈ និង ខែមីនាខាងមុខនេះ ដើម្បីស្វាគមន៍ភ្ញៀវទេសចរចិនមកកាន់ប្រទេសឡាវ។

ការបង្កើន និងពង្រឹងសេវាហោះហើររវាងប្រទេសទាំងពីរនេះ គឺធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលក្រុងប៉េកាំងបានបន្ធូរបន្ថយវិធានការគ្រប់គ្រងកូវីដ -១៩ ស្ទើរតែទាំងអស់កាលពីថ្ងៃទី ៨ ខែមករា ឆ្នាំ២០២៣កន្លងទៅ។

ក្នុងនោះផងដែរលោក Nudang Chanthaphasuk នាយកពាណិជ្ជកម្មនៃក្រុមហ៊ុនអាកាសចរ Lao Airlines បាននិយាយថាក្រុមហ៊ុនអាកាសចរណ៍កំពុងរង់ចាំការឆ្លើយតបពីប្រទេសចិន អំពីការដាក់សំណើដើម្បីបន្ថែមជើងហោះហើរប្រចាំថ្ងៃ ពីទីក្រុងវៀងចន្ទន៍ ទៅទីក្រុងគុនមីង រាជធានីនៃខេត្តយូណាន និងទីក្រុងធំៗជាច្រើនទៀត រួមមាន Guangzhou, Shanghai, Chengdu, Changzhou និង Hangzhou ជាដើម។

គួររំលឹកផងដែរថាបច្ចុប្បន្នក្រុមហ៊ុនអាកាសចរណ៍ឡាវកំពុងដំណើរការជើងហោះហើរ ៣ ដងក្នុងមួយសប្តាហ៍ពីទីក្រុងវៀងច័ន្ទទៅកាន់ទីក្រុងគុនមីងនៃប្រទេសចិន។ លើសពីនេះក្រុមហ៊ុនអាកាសចរណ៍ឡាវគ្រោងនឹងបង្កើនចំនួនជើងហោះហើរបន្ថែម ពីហ្លួងព្រះបាង ដែលស្ថិតនៅខាងជើង និងចំប៉ាសាក់ នៅភាគខាងត្បូងនៃប្រទេសឡាវ ជាមួយនឹងគោលដៅជាច្រើននៅក្នុងប្រទេសចិនជាគោលដៅបន្ថែមទៀត៕ ប្រភព៖ Dailynews