បរទេស៖ បើតាមរដ្ឋាភិបាលម៉ាឡេស៊ី បានឱ្យដឹងថាប្រទេសខ្លួនអាចនឹងបញ្ឈប់ការនាំចេញប្រេងដូងទៅកាន់សហភាពអឺរ៉ុបទាំងស្រុង ដើម្បីប្រឆាំងនឹងច្បាប់ថ្មីរបស់សហភាពអឺរ៉ុប ដែលនឹងអនុម័តច្បាប់មិននាំចូលផលិតផល “ពាក់ព័ន្ធការកាប់បំផ្លាញព្រៃឈើ។

កាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ២០២៣ មានសេចក្ដីរាយការពីសារព័ត៌មាន រ៉យទ័រ បានឱ្យដឹងថាប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី បាន គំរាមបញ្ឈប់ការនាំចេញប្រេងដូងទៅកាន់សហភាពអឺរ៉ុប ឬ EU បន្ទាប់ពីមានការមិនពេញចិត្តនឹងច្បាប់ថ្មីរបស់សហភាពអឺរ៉ុប ក្នុងការបញ្ឈប់ការនាំចូលទំនិញ និងផលិតផលដែលសហភាពអឺរ៉ុបចាត់ទុកថាជាការកាប់បំផ្លាញព្រៃឈើ។

ស្ថានភាពនេះកើតឡើងចំពេលមានភាពចម្រូងចម្រាសពីអ្នក បរិស្ថានដែលបានស្តីបន្ទោសឧស្សាហ កម្មប្រេងដូងជាមូលហេតុចម្បងនៃការកាប់បំផ្លាញព្រៃឈើនៅអាស៊ីអាគ្នេយ៍ ទោះបីជាម៉ាឡេស៊ី និងឥណ្ឌូនេស៊ីមានការត្រួតពិនិត្យ និងវិញ្ញាបនបត្រសម្រាប់អ្នកនាំចេញក៏ដោយ។

បញ្ហានេះលោក ហ្វែត ឌីលាស់ យូសូវ (Fadillah Yusof) រដ្ឋមន្ត្រីក្រសួងកសិកម្ម និងផលិតផលកសិកម្មម៉ាឡេស៊ី  បាននិយាយថា មន្ត្រីម៉ាឡេស៊ី និងឥណ្ឌូនេស៊ី នឹងពិភាក្សាអំពីបញ្ហានៃបទប្បញ្ញត្តិថ្មីពីសហភាពអឺរ៉ុប  ដែលមិនទទួលយកផលិតផលដែលគេមើលឃើញថាបំផ្លាញព្រៃឈើ លុះត្រាតែប្រទេសនាំចេញអាចបញ្ជាក់ការចោទប្រកាន់របស់សហភាពអឺរ៉ុបមិនពិត។

ក្នុងនោះរបាយការណ៍ក៏បានបញ្ជាក់ផងដែរថា សហភាពអឺរ៉ុបក៏ស្ថិតក្នុងចំណោមប្រទេសដែលបាននាំចូលប្រេងដូងកំពូលរបស់ពិភពលោកផងដែរ មុនពេលដែលច្បាប់ថ្មីរបស់សហភាពអឺរ៉ុបបានអនុម័តច្បាប់នេះឡើងកាលពីខែធ្នូ ឆ្នាំ ២០២២ កន្លងទៅ រហូតបានបង្កើតឱ្យមានការមិនពេញចិត្តក្នុងចំណោមប្រទេសនាំចេញប្រេងដូងធំជាងគេលើពិភពលោក រួមទាំងម៉ាឡេស៊ី និងឥណ្ឌូនេស៊ីផងដែរ។

ទោះជាយ៉ាងណាអាជ្ញាធរម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ធ្លាប់បាននាំពាក្យបណ្ដឹងទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក ដោយនិយាយថា ច្បាប់ថ្មីរបស់សហភាពអឺរ៉ុបគឺជាការរើសអើង និងបង្កើតរបាំងពាណិជ្ជកម្មដ៏ធំមួយ។

គួរបញ្ជាក់ផងថាតម្រូវការប្រេងដូងរបស់សហភាពអឺរ៉ុប ត្រូវបានគេរំពឹងថានឹងថយចុះក្នុងរយៈពេល ១០ឆ្នាំខាងមុខ ដោយសារផែនការអភិវឌ្ឍន៍ថាមពលសកលរបស់សហភាពអឺរ៉ុបដែលមានគោលបំណងកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈដែលមកពីប្រេងដូង (ដូចជា ចំហេះ) ត្រឹមឆ្នាំ ២០៣០ ដោយសារវាទាក់ទងនឹងការកាប់បំផ្លាញព្រៃឈើ៕ ប្រភព៖ Khaosod