បរទេស៖ ម្ចាស់ភោជនីយដ្ឋាន និងជាមេចុងភៅនៅក្នុងហាងមួយកន្លែង ក្នុងរដ្ឋ Kerala របស់ប្រទេសឥណ្ឌាត្រូវបានចាប់ខ្លួនក្នុងការកាត់ទោស បន្ទាប់ពីអតិថិជនបានពុលអាហាររហូតដល់ស្លាប់ បន្ទាប់ពីកុម្ម៉ង់ម្ហូបពីហាងនេះ។

កាលពីពេលថ្មីៗនេះ មានសេចក្ដីរាយការណ៍ពីសារព័ត៌មាន BBC បានឱ្យដឹងថា ​ប៉ូលីសនៅខេរ៉ាឡា ប្រទេសឥណ្ឌាខាងត្បូង បានធ្វើការចាប់ខ្លួនម្ចាស់ភោជនីយដ្ឋាន រួមទាំងមេចុងភៅរបស់ភោជនីយដ្ឋានមួយកន្លែង ដោយចោទប្រកាន់ពីបទមនុស្សឃាតដោយអចេតនា ក្រោយពីមនុស្ស ២១ នាក់បានកុម្ម៉ង់អាហារពីភោជនីយដ្ឋាននេះហើយធ្លាក់ខ្លួនឈឺដោយសារពុលអាហារ។

ហើយម្នាក់ក្នុងចំណោមពួកគេបានស្លាប់ ដោយអ្នកស្លាប់គឺជាគិលានុបដ្ឋាយិកាធ្វើការនៅ Kottayam ដែលបញ្ជាទិញបាយ និងសាច់មាន់ BBQ ពីភោជនីយដ្ឋាននេះតាមអ៊ីនធឺណិត ប៉ុន្តែមិនយូរប៉ុន្មានបន្ទាប់ពីនាងទទួលទាន ក៏ចាប់ផ្ដើមធ្លាក់ខ្លួនឈឺរហូតដល់ត្រូវចូលមន្ទីរពេទ្យនៅថ្ងៃទី ៣០ ធ្នូ ឆ្នាំ២០២២កន្លងទៅ។

ជាមួយគ្នានោះប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថាមុនពេលនាងស្លាប់នៅ ថ្ងៃ ទី ២ ខែ មករា ការធ្វើកោសល្យវិច័យបឋមនៃការស្លាប់បានបង្ហាញថានាងស្លាប់ដោយសារឆ្លងមេរោគក្នុងសរីរាង្គខាងក្នុង។

បន្ថែមពីនោះប៉ូលីសបាននិយាយពីការស៊ើបអង្កេតត្រូវបានគេបញ្ជាក់ថាគិលានុបដ្ឋាយិកាពិតជាបានស្លាប់ដោយសារពុលអាហារ។ ហើយបានរកឃើញថាពីការចុះត្រួតពិនិត្យគុណភាពម្ហូបអាហារក្នុង ភោជនីយដ្ឋាននោះគឺស្ថិតក្នុងកម្រិតទាប។

ទោះជាយ៉ាងណាឧបទ្ទវហេតុនេះគឺជាករណីមួយក្នុងចំណោមករណីជាច្រើនទាក់ទងនឹងការពុលអាហារនៅក្នុងរដ្ឋ Kerala ។ ដោយករណីពុលអាហារជាច្រើនករណីក៏ត្រូវបានគេរាយការណ៍នៅផ្នែកផ្សេងទៀតនៃរដ្ឋក្នុងសប្តាហ៍កន្លងទៅ ដូចជាមានសេចក្តីរាយការណ៍កាលពីកន្លងទៅថាសិស្ស និង ឪពុកម្តាយរបស់ពួកគេបានធ្លាក់ខ្លួនឈឺក្រោយ ហូបបាយសាលា។ ហើយមនុស្សជិត ១០០ នាក់ក៏ត្រូវបានគេរាយការណ៍ថាបានធ្លាក់ខ្លួនឈឺបន្ទាប់ពីបានបរិភោគអាហារដែលបានផ្តល់ជូននៅឯពិធីបុណ្យជ្រមុជទឹក។

យ៉ាងណាមិញនេះបានបង្កើនការព្រួយបារម្ភអំពីស្តង់ដារសុវត្ថិភាពអាហារពី ភោជនីយដ្ឋាន។

បន្ទាប់ពីករណីនេះកើតឡើង បុគ្គលិកទទួលបន្ទុកសុវត្ថិភាពចំណីអាហារ បានបញ្ជូនកងកម្លាំងរបស់ខ្លួនទៅត្រួតពិនិត្យភោជនីយដ្ឋានជាង ៥០០ កន្លែងនៅទូទាំងរដ្ឋ Kerala ហើយភោជនីយដ្ឋានប្រហែល ៤៨ ត្រូវបានបញ្ជាឱ្យបិទ បន្ទាប់ពីពួកគេត្រូវបានរកឃើញថាស្ថិតក្នុងស្ថានភាពគ្មានអនាម័យ ឬរកឃើញថាមិនមានអាជ្ញាប័ណ្ណត្រឹមត្រូវ ហើយនឹងបន្តស៊ើបអង្កេតបន្តទៀត៕ ប្រភព៖ Thairath