ភ្នំពេញ ៖ របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា រយៈពេលពេញ១ឆ្នាំ២០២២ កម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិ ក្នុងតម្លៃជាង ២២ពាន់លានដុល្លារ កើនឡើង១៦.៤% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១។

របាយការណ៍បញ្ជាក់ថា ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២២ កម្ពុជានាំចេញទំនិញក្នុងតម្លៃ ២២ ៤៨២ លានដុល្លារ កើនឡើង ១៦.៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលតម្លៃ ១៩ ៣០៨ លានដុល្លារ។ ទន្ទឹមគ្នានេះ កម្ពុជាបាននាំចូលទំនិញមកវិញក្នុងតម្លៃ ២៩ ៩៤១ លានដុល្លារ កើនឡើង ៤.៣% ដែលធ្វើឱ្យទំហំពាណិជ្ជកម្មរវាងកម្ពុជា និងទីផ្សារអន្តរជាតិ កើនឡើង ៥២ ៤២៤លានដុល្លារ កើនឡើង ៩.២%។

អាមេរិក គឺជាប្រទេសដែលកម្ពុជាបាននាំចេញទំនិញច្រើនជាង ដោយសម្រេចបានជាងជិត ៩ពាន់លានដុល្លារ ខណៈវៀតណាម ស្ថិតនៅលំដាប់ទី២ ដែលបានកម្ពុជាបានចេញទំនិញក្នុងតម្លៃជាង ២ពាន់លានដុល្លារ និងនាំចេញទៅចិន ក្នុងតម្លៃជាង ១២០០លានដុល្លារ រួមនឹងបណ្តាប្រទេស ដែលជាដៃគូនាំចេញទំនិញសំខាន់មួយចំនួនទៀត។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានដឹងដែរថា កាលពីឆ្នាំ២០២២ កម្ពុជាបាននាំចេញសម្លៀកបំពាក់ ក្នុងតម្លៃជាង ៩ពាន់លានដុល្លារ , ម៉ាស៊ីន និងឧបករណ៍អគ្គិសនីតម្លៃជិត ២ពាន់លានដុល្លារ កើនឡើង ៨៤.៨%, គ្រាប់ធញ្ញជាតិចំនួនជាង ១២០០លានដុល្លារ ថយចុះ៣.៧% និងស្បែកជើងចំនួន ១៧ ០០លានដុល្លារ កើនឡើង២៤.៨%៕