បរទេស៖ កាលពីថ្ងៃទី ៩ ខែ​ម​ករា ឆ្នាំ២០២៣ មានការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដែលបានបង្ហាញពីបាតុកររាប់រយនាក់មានការប៉ះទង្គិចជាមួយប៉ូលីសនៅកណ្តាលប្រទេសចិន បន្ទាប់ពីពួកគេត្រូវបានបណ្ដេញចេញពីរោងចក្រផលិតឧបករណ៍ធ្វើតេស្តរកមេរោគកូវីដ-១៩។

ការតវ៉ានេះបានចាប់ផ្តើមកាលពីថ្ងៃសៅរ៍កន្លងទៅ បន្ទាប់ពីមានការប្រកាសបញ្ឈប់ការងារ និងមានជម្លោះប្រាក់ខែនៅ CEBIO ដែលជាក្រុមហ៊ុនដែលមានឯកទេសខាងសារធាតុវិភាគ និងឧបករណ៍ in vitro ​ មានទីតាំងនៅទីក្រុង Chongqing ភាគនិរតីនៃប្រទេសចិន។

ក្នុងនោះកម្មកររាប់រយនាក់បានប្រមូលផ្តុំគ្នានៅខាងក្រៅរោងចក្រ អ្នកខ្លះស្រែក “សងប្រាក់យើងវិញ” ហើយរូបភាពនៃប្រអប់ឧបករណ៍ធ្វើតេស្តអង់ទីហ្សែនត្រូវបានរាយប៉ាយពាសពេញកន្លែងតវ៉ា លើសពីនេះបាតុករបានគប់កៅអី រទេះ និង កោណចរាចរណ៍ដាក់ប៉ូលិស រហូតបណ្តាលឱ្យមន្ត្រីប៉ូលិសទាំងនោះដកថយ។

ជាមួយគ្នានោះការបញ្ជាក់មួយបានឱ្យដឹងថា ការតវ៉ាបានចាប់ផ្តើម នៅពេលដែលកម្មករត្រូវបានជូនដំណឹងថាពួកគេត្រូវបានបញ្ចប់ពីការងារដោយមានប្រសិទ្ធិភាពភ្លាមៗ ហើយប្រាក់ខែក៏មិនដូចការ ព្រមព្រៀងជាមួយក្រុមហ៊ុនដែលបានជ្រើសរើសដំបូង។

យ៉ាងណាមិញគោលនយោបាយ “គ្មានទេកូវីដ” របស់ចិនវាបាននាំឲ្យមានការតវ៉ាទូទាំងប្រទេស ហើយរដ្ឋាភិបាលបានប្រកាសដកការរឹតបន្តឹងភាគច្រើន ទើបក្រុមហ៊ុនមានការបញ្ចប់គោលនយោបាយ កាត់បន្ថយតម្រូវការសម្រាប់ការធ្វើតេស្តទូទាំងប្រទេស និងមិនសូវមានការប្រើប្រាស់ឧបករតេស្តកូវីដទៀត៕ ប្រភព៖ Thairath