ប្រទេសចិន៖ ក្រុមហ៊ុនស្រាវជ្រាវទិន្នន័យរបស់ចក្រភពអង់គ្លេសបានធ្វើការបង្ហាញថា ចំនួនជនរងគ្រោះដោយសារ ជំងឺកូវីដ-១៩នៅក្នុងប្រទេសចិន អាចមានដល់ទៅ ៩,០០០ សាកសពក្នុងមួយថ្ងៃ ខណៈដែលអង្គការសុខភាពពិភពលោក (WHO) ព្រមានចិនថាបានវាយតម្លៃស្ថានភាពកូវីដ-១៩ ទាបជាងការពិត ជាពិសេសបានលាក់បាំងទិន្ន័យចំនួនអ្នកស្លាប់ខុសពីការពិតផងដែរ។

នាថ្ងៃទី៥ ខែមករា ឆ្នាំ ២០២៣ ទីភ្នាក់ងារសារព័ត៌មានបរទេសបានរាយការណ៍ថា លោកវេជ្ជបណ្ឌិត Michael Ryan នាយកផ្នែកស្ថានភាពអាសន្ននៃអង្គការសុខភាពពិភពលោក បានលើកឡើងពីស្ថានភាព  ជំងឺកូវីដ-១៩ នៅប្រទេសចិន ខណៈប្រទេសនេះកំពុងតែត្រៀមបើកប្រទេសនៅថ្ងៃទី ៨ ខែមករាខាងមុខ។

ដោយអង្គការបានលើកឡើងភ្ជាប់ជាមួយនឹងបញ្ហា ដែលត្រូវបានគេជឿថា ការផ្ដល់ទិន្នន័យរបស់ប្រទេសចិន អំពីចំនួនមនុស្សដែលរងផលប៉ះពាល់ពីការឆ្លងកូវីដ-១៩ គឺទាបជាងការពិត មិនថាចំនួនអ្នកជំងឺដែលចូលមន្ទីរពេទ្យ ចំនួនអ្នកជំងឺធ្ងន់ធ្ងរដែលតម្រូវឱ្យចូលបន្ទប់ ICU  និងជាពិសេសចំនួនអ្នកស្លាប់ដោយសារ កូវីដ-១៩នោះឡើយ។

ទោះជាយ៉ាង បើតាមក្រុមហ៊ុនទិន្នន័យសុខភាព Airfinity ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសបាននិយាយកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅថា បើតាមការស្រាវជ្រាវ និងការស្រង់ទិន្នន័យដោយសម្ងាត់ពីមន្ទីរពេទ្យចិន មនុស្សប្រហែល ៩,០០០ នាក់នៅក្នុងប្រទេសបានស្លាប់ជារៀងរាល់ថ្ងៃដោយសារជំងឺកូវីដ-១៩។ ហើយបើគិតចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ទំនងជាអ្នកស្លាប់សរុបឈានដល់ ១០០,០០០នាក់  ក្នុងចំណោមអ្នកឆ្លងសរុបចំនួន ១៨.៦ លាននាក់។

ការឆ្លងជំងឺកូវីដ-១៩ដ៏ខ្លាំងក្លានេះ បានចាប់ផ្តើមរីករាលដាលពាសពេញប្រទេសចិនក្នុងខែវិច្ឆិកា ២០២២ ក្រោយពីទីក្រុងប៉េកាំងបានរុះរើគោលនយោបាយគ្មានទេ-កូវីដ របស់ខ្លួន រួមទាំងការធ្វើតេស្ត PCR ជាទៀងទាត់លើចំនួនប្រជាជនរបស់ខ្លួន និងការបោះពុម្ពផ្សាយទិន្នន័យស្តីពីករណីគ្មានរោគសញ្ញា។

បន្ថែមពីនោះក្រុមហ៊ុន Airfinity រំពឹងថាការឆ្លងជំងឺកូវីដក្នុងប្រទេសចិននឹងឈានដល់កម្រិតកំពូលដំបូងនៅថ្ងៃទី ១៣ ខែមករា ឆ្នាំនេះ ជាមួយនឹងករណីឆ្លងចំនួន ៣.៧ លាននាក់ក្នុងមួយថ្ងៃ។ ហើយគេរំពឹងទៀតថាការស្លាប់នឹងកើនឡើងដល់កំពូលនៅថ្ងៃទី ២៣ ខែមករា ២០២៣ ដែលមានរហូតដល់ ២៥,០០០នាក់ក្នុងមួយថ្ងៃ៕ ប្រភព៖ Thairath