បរទេស៖ ឧទ្យានជាតិ ត្រាយ ថោធូ ហ្គែស (Dry Tortugas) បានប្រកាសថា ខ្លួនបានបិទប្រតិបត្តិការនៅឧទ្យាននេះលើកោះមួយនេះកាលពីថ្ងៃច័ន្ទកន្លងទៅបន្ទាប់ពីមានការចុះចតរបស់ជនចំណាកស្រុកជាច្រើននៅទូទាំងតំបន់ក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ។

នាថ្ងៃទី ៣ ខែធ្នូ ឆ្នាំ២០២៣ មានសេចក្តីថ្លែងការណ៍ចេញផ្សាយដោយឧទ្យានជាតិ Dry Tortugas  និយាយថានឹង “បិទជាបណ្តោះអាសន្នសម្រាប់ការចូលប្រើជាសាធារណៈខណៈពេលដែលមានការអនុវត្តច្បាប់ និងបុគ្គលិកពេទ្យចេញចូលផ្តល់ការថែទាំ និងសម្របសម្រួលការដឹកជញ្ជូនទៅកាន់តំបន់នេះសម្រាប់ជនចំណាកស្រុកប្រមាណ ៣០០ នាក់ដែលបានមកដល់ និងចុះចតនៅលើឧទ្យាននេះក្នុងរយៈពេលពីរបីថ្ងៃកន្លងមកនេះ។

ឧទ្យានជាតិ Dry Tortugas គឺជាកោះដាច់ស្រយាលស្ថិតនៅចម្ងាយ ៧០ ម៉ាយពីភាគខាងលិចនៃតំបន់ Key West រដ្ឋ Florida ហើយក៏ជាឧទ្យានទំហំ ១០០ ម៉ាយ ដែលត្រូវបានបង្កើតឡើងដោយកោះតូចៗចំនួនប្រាំពីរ និងអាចចូលចតបានដោយទូក ឬយន្តហោះសមុទ្រប៉ុណ្ណោះ។

ទោះជាយ៉ាងណា ប្រធានក្រុមកិច្ចការសន្តិសុខមាតុភូមិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមការងារសន្តិសុខមាតុភូមិ – ភាគអាគ្នេយ៍បានដឹងពីការចុះចតជនចំណាកស្រុកជាច្រើននៅចុងសប្តាហ៍នេះ លើឧទ្យានជាតិ Dry Tortugas ហើយឆ្មាំឆ្នេរសមុទ្រអាមេរិក និងដៃគូសហព័ន្ធរដ្ឋ និងផ្នែកក្នុងតំបន់ កំពុងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងដើម្បីសង្គ្រោះជនចំណាក់ស្រុកទាំងអស់នោះដែលជាប់គាំងនាពេលបច្ចុប្បន្ននេះលើកោះដាច់ស្រយាល និងគ្មានមនុស្សរស់នៅ។

គួរបញ្ជាក់ថាឧទ្យាននេះត្រូវបានគេឱ្យដឹងថា មានការកើនឡើងនៃអ្នកធ្វើដំណើរចំណាកស្រុកតាមទូកដែលភាគច្រើនពីប្រទេសគុយបា ហើយឧទ្យានជាតិនេះតែងតែឆ្លើយតបទៅកាន់ពួកជនចំណាកស្រុកទាំងអស់នោះ ដោយផ្តល់នូវអាហារ ទឹក និងការថែទាំសុខភាពជាមូលដ្ឋាន រហូតដល់នាយកដ្ឋានសន្តិសុខមាតុភូមិមានចំណាត់ការ និងដោះស្រាយបន្ត ដើម្បីកំណត់ស្ថានភាពផ្លូវច្បាប់របស់ពួកគេ ថាអាចបន្តឱ្យនៅក្នុងសហរដ្ឋអាមេរិក ឬត្រូវដំណើរការសម្រាប់ការដកចេញ និងធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសដើមរបស់ពួកគេវិញ៕ ប្រភព៖ yahoo.news