អង់គ្លេស ៖ ផ្នែកសេវាសុខភាពជាតិអង់គ្លេស National Health Service (NHS) បានប្រឈមនឹងផ្នែកថវិកាជាង១ទសវត្សរ៍មកហើយ បណ្តាលមកពីជំងឺកូវីត-១៩ បានធ្វើឱ្យប្រទេសនេះធ្លាក់ក្នុងសភាពមួយតានតឹងខ្លាំង ។ តាមទិន្នន័យបង្ហាញថា អ្នកជំងឺម្នាក់ក្នុងចំណាម៥នាក់នៅប្រទេសអង់គ្លេស បានរង់ចាំរថយន្តសង្គ្រោះជាង១ម៉ោងដើម្បីបញ្ជូនពួកគេទៅមន្ទីរពេទ្យក្នុងសប្តាហ៍កន្លងមក ខណៈអ្នកជំងឺជាច្រើនម៉ឺននាក់ទៀតត្រូវរង់ចាំជាង១២ម៉ោងឯណោះ មុននឹងពួកគេបានទទួលការព្យាបាល ។
កាលពីថ្ងៃទី១ ខែមករា Royal College of Emergency Medicine របស់អង់គ្លេសនិយាយថា នឹងមានអ្នកជំងឺប្រមាណ៣០០-៥០០នាក់ស្លាប់ក្នុងបន្ទប់សង្គ្រោះបន្ទាន់ក្នុង១អាទិត្យ ព្រោះពួកគេរង់ចាំយូរពេកដើម្បីទទួលការព្យាបាល ។ ប៉ុន្តែអនុប្រធាន Royal College of Emergency Medicine បានបដិសេធការសន្និដ្ឋានរបស់មន្ទីរពេទ្យមួយចំនួន លោក Ian Higginson បានផ្តល់បទសម្ភាសន៍ជាមួយវិទ្យុ BBC ថា វាតែងកើតឡើងគ្រប់រដូវរងា ហើយវាតែងធ្វើឱ្យគេឯងភ្ញាក់ផ្អើលគ្រប់ពេល ។.jpg)
កាលពីថ្ងៃទី២ មករា សមាគមវេជ្ជសាស្ត្រអង់គ្លេស (BMA) ហៅស្ថានការណ៍បច្ចុប្បន្នថា មិនអាចទ្រាំបានទៀតទេ ខណៈប្រព័ន្ធសេវាសុខភាពជាតិត្រូវទទួលកំណើនអ្នកជំងឺ ហើយរដ្ឋាភិបាលត្រូវចាត់វិធានការបញ្ហានេះ ។
រដ្ឋាភិបាលថា ស្ថានការណ៍តានតឹងដែលមន្ទីរពេទ្យកំពុងប្រឈមពេលនេះ ប៉ះពាល់ដោយសារជំងឺរាតត្បាត វាជាជំងឺតាមរដូវកាល ដូចជា ផ្តាសាយ ។ នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោក Rici Sunak បានថ្លែងក្នុងអំឡុងពេលឆ្នាំថ្មីថា រដ្ឋាភិបាលរបស់លោកបានប្រើវិធានការច្បាស់លាស់ ដោយប្រមូលធនធានសម្រាប់ចាត់ការរឿងនេះ និងជំរុញបុគ្គលិកផងដែរ ។
ទោះយ៉ាងណា កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលមានគោលនយោបាយសន្សំថវិកា និងបដិសេធការឡើងប្រាក់បៀវត្សរ៍តាមការទាមទារពីមន្ទីរពេទ្យមួយចំនួន ។ វិបត្តិសុខភាពសាធារណៈលើកនេះកើតឡើងក្រោយពីបណ្តាបុគ្គលិកមន្ទីរពេទ្យទូទាំងប្រទេសចាកចេញពីការងាររបស់ខ្លួនជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ៕
ប្រភព ៖ mgronline










