បរទេស៖ ទីក្រុងញូវយ៉កបានអនុម័តច្បាប់អនុញ្ញាតឱ្យយកសាកសពរបស់អ្នកស្លាប់ទៅធ្វើជាជីកំប៉ុស ដែលនេះជាជម្រើសធ្វើឱ្យមិនប៉ះពាល់ដល់បរិស្ថានបន្ទាប់ពីការស្លាប់ ជាជាងយកសពទៅរៀបចំពិធីបុណ្យសពតាមបែបប្រពៃណី ដូចជាបូជាសព ឬបញ្ចុះសព។

នាថ្ងៃទី ០២ ខែមករា ឆ្នាំ២០២៣ មានសេចក្ដីរាយការណ៍ពីទីក្រុងញូវយ៉កដោយបានញ្ជាក់ថាទីក្រុងនេះនឹងក្លាយជារដ្ឋទីប្រាំមួយនៅក្នុងសហរដ្ឋអាមេរិកដែលអនុម័តច្បាប់អនុញ្ញាតឱ្យយកសាកសពមនុស្សធ្វើជាជីកំប៉ុស។

ដំណើរការសម្រាប់ជីកំប៉ុសនៃសាកសពនេះត្រូវបានណែនាំដោយក្រុមហ៊ុន Recompose ដែលមានមូលដ្ឋាននៅទីក្រុង Seattle ដែលឥឡូវនេះត្រូវបានបើកសម្រាប់អាជីវកម្មបន្ទាប់ពីរដ្ឋ Washington ធ្វើឱ្យដំណើរការនេះស្របច្បាប់ក្នុងឆ្នាំ ២០១៩មកម្លេះ ។

ដោយដំណើរការនេះហៅថា Natural Organic Reduction ដែលបានប្រែក្លាយសាកសពឱ្យទៅជាជីក្នុងរយៈពេលពី ៤ ទៅ ៦ សប្តាហ៍បន្ទាប់ពីការទទួលមរណៈភាព។

ជាមួយគ្នានោះដំណើរការនៃការធ្វើជីកំប៉ុសធម្មជាតិនេះផងដែរ សាកសពត្រូវបានបំបែកតាមរយៈដំណើរការដែលគេស្គាល់ថាជាការកាត់បន្ថយសរីរាង្គធម្មជាតិ ហៅថា Natural Organic Reduction ដោយដាក់រាងកាយនៅក្នុងធុងដែលអាចប្រើឡើងវិញបាន រួចគ្របវាដោយបន្ទះឈើ និងបញ្ចេញខ្យល់ ដែលបង្កើតបរិយាកាសសម្រាប់អតិសុខុមប្រាណ និងបាក់តេរីសំខាន់ៗដើម្បីបង្កើនល្បឿននៃការរលួយនៃសាកសព នោះក្នុងរយៈពេលប្រហែល ៣០ ថ្ងៃ រាងកាយនឹងត្រូវបានផ្លាស់ប្តូរយ៉ាងពេញលេញទៅជាដីកំប៉ុស។

បន្ទាប់ពីនោះនៅពេលដែលដំណើរការនេះត្រូវបានបញ្ចប់ គ្រួសារនៃសពអាចនឹងមកទទួលយកដីដែលមានជីជាតិទាំងនោះពីទីតាំងនៃការផលិតជីនេះ មករក្សាទុក ឬអាចប្រើប្រាស់សម្រាប់អត្ថប្រយោជន៍ ក្នុងការដាំដុះបន្ថែម ដូចជាការដាំដើមឈើ ផ្កា ឬបន្លែជាដើម។

គួរបញ្ជាក់ថាដំណើរការនេះគឺប្រើថាមពលត្រឹមតែ១ ភាគ ៨ នៃការដុត ឬបូជាសព ដែលវាអាចកាត់បន្ថយការបញ្ចេញកាបូនទៅក្នុងខ្យល់ និងប្រសើរជាងការកប ឬបញ្ចុះ ដែលអាចបំពុលសារធាតុរាវរាងកាយពីទឹកក្រោមដី បន្ថែមពីនោះត្រូវការមឈូសដើម្បីប្រើប្រាស់ដាក់សព ដែលវាជាការខ្ជះខ្ជាយ ធនធានធម្មជាតិនៃដើមឈើ ហើយក៏ត្រូវការដីច្រើនសម្រាប់ធ្វើទីបញ្ចុះសពផងដែរ។

ទោះជាយ៉ាងណាបើទោះបីជាដំណើរការនេះមានលក្ខណៈស្របច្បាប់ក៏ និងមានអត្ថប្រយោជន៍ចំពោះបរិស្ថានក៏ពិតមែន ប៉ុន្តែវាជានីតិវិធីមួយដែលព្រះវិហារកាតូលិកបាននិយាយថា ទង្វើនេះបរាជ័យក្នុងការបង្ហាញពី “ការគោរពចំពោះសាកសពរបស់អ្នកស្លាប់”៕ ប្រភព៖ pptvhd36