ខេត្តបន្ទាយមានជ័យ៖ តុល្យការចុងក្រោយ នៅវេលាម៉ោង២រសៀល ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ ករណីអគ្គិភ័យវាយប្រហារអគារកាស៉ីណូដាយមិន ស្ថិតក្នុងភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កម្លាំងសមត្ថកិច្ចអាចគ្រប់គ្រងបានទាំងស្រុង ប៉ុន្ដែភ្លើងមិនទាន់អស់រងើកនៅឡើយទេ ដែលបណ្តាលឱ្យមនុស្សស្លាប់កេីនដល់១៩នាក់ និងរបួស ស្រាល៥០នាក់  និងរបួសធ្ងន់២៣នាក់ជាង។

លោក អ៊ុំ រាត្រី អភិបាលខេត្ដបន្ទាយមានជ័យ បានថ្លែងប្រាប់បណ្ដាញព័ត៌មានឲ្យដឹងថា កម្លាំងជួយសង្គ្រោះនៅបន្ដប្រតិបត្តិការស្រាវជ្រាវរុករកជនរងគ្រោះ ដែលជាប់គាំង ក្នុងអគារដែលត្រូវភ្លើងឆេះដដែល ដោយមិនទាន់បិទបញ្ចប់នៅឡើយទេ។

យ៉ាងណាមិញយើងក៏បានឃើញការអះអាងរបស់បុគ្គលិកស្រីម្នាក់ដែលបម្រើការក្នុងកាស៊ីណូនោះ មានគណនីហ្វេសប៊ុកឈ្មោះ Mak Aiden​ បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «បើសិនអោយពួកគាត់ឆាប់ចុះមកប្រហែលគ្មានគ្រោះថ្នាក់ដល់ជីវិតទេ ខ្ញុំខឹងណាស់សូម្បីពួកខ្ញុំក៏វាឃាត់អត់អោយចុះដែល ខ្លាចខាតការងារវា យកជីវិតគេមកលេងសើច ទំរាំបានវាអោយចុះមកពួកខ្ញុំញ័រដៃជើងអស់ ដាច់ភ្លើង ទៀត អារម្មណ៍អ្នកនៅក្នុងហេតុការណ៍នឹងបានយល់នឹកកូននឹកម៉ែនៅផ្ទះ សំណាងទឹកដោះម្តាយថ្លៃដែលពួកខ្ញុំបានចុះទាន់ពេលមិនទាន់ឆេះខ្លាំងបើបន្តការងារទៀតពួកខ្ញុំប្រហែលរត់មិនរួចទេយប់មិញនេះចូលរួមសោកស្តាយបងបងដែលមិនបានរួចផុត»។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយយើងនៅពុំទាន់ដឹងថាករណីមិនប្រក្រតីនេះតើពិតប្រាកដឬក៏យ៉ាងណានោះទេ  ដូច្នេះហើយមានតែរង់ចាំតាមដានព័ត៌មានបន្តទៀត។

សូមបញ្ជាក់ថា អគ្គិភ័យនេះ បានកើតមានតាំងពីវេលាម៉ោង ១១៖៣០នាទីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ខណៈមូលហេតុ ត្រូវបានគេរាយការណ៍ជំហានដំបូងថា ឆ្លងចរន្ដអគ្គិសនីនៅទីតាំងហ្គេមជាន់ក្រោម ហើយបានរីករាលដាលតែម្ដង ៕