ប្រទេសចិន៖ ពិតជាគួរឱ្យភ្ញាក់ផ្អើល ក្រោយមានឧបទ្ទវហេតុនៃរថយន្តជាង២០០គ្រឿងបានបុកបន្តកន្ទុយគ្នានៅលើស្ពានឆ្លងទន្លេមួយកន្លែងក្នុងប្រទេសចិនរហូតបង្កឱ្យមានមនុស្សម្នាក់បានស្លាប់​ ដោយហេតុការនេះគឺបណ្ដាលមកពីមានអាកាសធាតុចុះអ័ព្ទដ៏ក្រាស់ដែលធ្វើឱ្យអ្នកដំណើរមិនអាចមើលផ្លូវបានច្បាស់។

នាព្រឹកថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០២២ មានសេចក្ដីរាយការណ៍មួយបានឱ្យដឹងថានៅវាលាម៉ោង ៨ព្រឹក (ម៉ោងក្នុងស្រុក)មានហេតុការនៃគ្រោះថ្នាក់ចរាចរដ៏ធំមួយដោយមានរថយន្តជាង២០០គ្រឿង រួមមានទាំងរថយន្តដឹកទំនិញបានបុកបន្តកន្ទុយគ្នានៅលើ ស្ពាន Zhengxinhuanghe  ដែលជាស្ពានឆ្លងកាត់ទន្លេ Huang He ឬទន្លេលឿងនៅក្នុងទីក្រុង Zhengzhou ខេត្ត Henan នៃប្រទេសចិន។

ក្នុងហេតុការនោះគេដឹងថា រថយន្តមួយចំនួនត្រូវបានបុករុញទៅខាងក្រោយ និងរថយន្តមួយចំនួនទៀតត្រូវបានបុករហូតផ្ទុមទៅលើរថយន្តផ្សេងទៀត ដែលបង្កការខូចខាតជាខ្លាំង និងបានបង្កឱ្យមានមនុស្សម្នាក់បានស្លាប់ និងមានអ្នករងរបួសជាច្រើននាក់ ក្នុងហេតុការណ៍ដ៏អាក្រក់នេះ។

ទន្ទឹមនឹងនោះគេបានបញ្ជាក់ថា អ្នករងរបួសជាច្រើននាក់បានជាប់នៅក្នុងរថយន្ត ខណៈដែលរថយន្ត ពន្លត់អគ្គិភ័យ បានបញ្ជូន រថយន្តសង្គ្រោះចំនួន ១១ គ្រឿង និងអ្នក ជួយសង្គ្រោះចំនួន ៦៦ នាក់មកកាន់កន្លែងកើតហេតុក្នុងការជួយសង្គ្រោះបន្ទាប់។

ជាមួយគ្នានោះផងដែរ បើតាមប្រភពដដែលបានឱ្យដឹងថា មូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់ចរាចរដ៏ធំនេះគឺបណ្ដាលមកពីមានមានអាកាសធាតុចុះអ័ព្ទដ៏ក្រាស់ដែលធ្វើឱ្យអ្នកដំណើរមិនអាចមើលផ្លូវបានច្បាស់។

ទោះជាយ៉ាងណាទីភ្នាក់ងារអាកាសធាតុក្នុងប្រទេសចិនបាននិយាយថានៅព្រឹកដែលកើតហេតុ មានផ្នែកជាច្រើននៃទីក្រុង Zhengzhou មានការចុះអ័ព្ទជាខ្លាំង​ ដែលបណ្ដាលឱ្យមើលមិនឃើញក្នុងចម្ងាយ ២០០ ម៉ែត្រខាងមុខ៕ ប្រភព៖ pptvhd36