ថ្មីៗនេះ នៅក្នុងបណ្តាញទំនាក់ទំនងសង្គមនៅស្រុកខ្មែរ មានការផ្អើលចែករំលែករូបភាព ព្រះមួយអង្គ ដោយអ្នកទាំងនោះជឿថាសុំអ្វី នឹងសម្រេចដូចបំណង។ ហើយអ្នកខ្លះទៀតបានលើកឡើងថា “បើមិនជឿកុំប្រមាថ បានផលពិតៗ ចង់បានអីបានហ្នឹង ស៊ែរប្រាប់ពីអ្វីដែរអ្នកចង់បាន”។

ចុះតើអ្នកដឹងទេថា ព្រះនោះមានឈ្មោះអ្វី ហើយនៅក្នុងជំនឿ និងសិល្បៈខ្មែរយើងតាំងពីបុរាណកាលមក​ ព្រះ​នោះ ​តំណាង​ឱ្យ​អ្វី?

យើងបានគោរពព្រះគណេសតាំងពីសម័យមុនអង្គរ ( សតវត្សរ៍ទី៦ ដល់សតវត្សរ៍ទី៨ ) រហូតដល់សម័យអង្គរ តាមរយៈសិលាចារឹកនិងបដិមា។ កុំថាឡើយតែប្រជារាស្ត្រទូទៅ ទោះជាទំនៀមនៅក្នុងព្រះបរមរាជវាំងក៏មានគោរពព្រះគណេសដែរ ត្បិតទេពនេះនៅក្នុងចំណោមទេពទាំង ៥ ដែលហៅថា “មហាក្សេត្រ” ឬ “បញ្ចក្សេត្រ” (ព្រះឥសូរ, ព្រះនារាយណ៍, ព្រះចន្ទី, ព្រះគណេស និងព្រះកច្ចាយន៍)។

ក្រោយមកខ្មែរដូរមកកាន់ពុទ្ធសាសនាថេរវាទវិញ ជាពិសេសចាប់ពីស.វ.ទី១៤ មកទល់បច្ចុប្បន្ន។ ដោយសារការផ្លាស់ប្តូរនេះ ខ្មែរភ្លេច ឬលែងរាប់រកទេពក្នុងព្រហ្មញ្ញសាសនាមួយចំនួន។ ទោះបីជានៅរាប់រកខ្លះក៏មិនខ្លាំងក្លាដូចមុន លើកលែងតែព្រះឥសូរ ព្រះនារាយណ៍ និងព្រះព្រហ្ម ដែលអ្នកស្រុកនៅតែស្គាល់ ហើយជួនកាលគោរពក្រោមរូបភាពផ្សេងៗ។

ក្នុងគំនិតដើម ព្រះគណេសមានគុណសម្បត្តិច្រើនណាស់ ដូចជាកម្ចាត់ឧបសគ្គគ្រប់បែបយ៉ាង ផ្ទុកនូវចំណេះចេះដឹងទាំងពួងក្នុងខ្លួន មានជាអាទិ៍ គឺវិជ្ជាខាងមន្តអាគម។ ហេតុនេះហើយទើបខ្មែរនៅតែរាប់រក ត្បិតជីវិតតែងតែប្រទះនឹងបញ្ហាធំតូច ពុំសូវល្ហែ ទោះជាសម័យកាលណាក៏ដោយ ដូច្នេះក្រៅពីការដោះស្រាយបញ្ហាតាមមធ្យោបាយធម្មតា មនុស្សតែងតែទៅរកពឹងពាក់អាស្រ័យលើមន្តអាគម។

ដូច្នេះហើយទើបនៅសម័យបច្ចុប្បន្ននេះយើងនៅតែឃើញគេគូរព្រះគណេសដាក់ក្នុងយន្ត្រ គេធ្វើជាកំណារពាក់នៅកឬចង្កេះ ឬមួយសាក់នៅលើស្បែកផ្ទាល់តែម្តង បើអ្នកខ្លះទៀតតម្កល់រូបព្រះគណេសនៅលើហឹង ហើយគោរពបូជាទៀងទាត់ទៀតផងដែរ៕

ប្រភព៖ Wikipedia