យោងតាម​សេចក្តីណែនាំ​ស្តីពី​បែបបទ និង​នីតិវិធី​នៃការងារចុះបញ្ជី​ និង​គ្រប់គ្រង​ការស្នាក់នៅ របស់​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម​បាន​ឱ្យដឹងថា ឯកសារភ្ជាប់​សម្រាប់ចុះបញ្ជីផ្តល់សៀវភៅ​ស្នាក់នៅ និង​សៀវភៅគ្រួសារ រួមមានដូចខាងក្រោម៖

សៀវភៅគ្រួសារ

សហព័ទ្ធ (ប្តីឬប្រពន្ធ) នៃ​គ្រួសារ​ណាមួយ ត្រូវដាក់ពាក្យ​ស្នើសុំ​ចុះបញ្ជីផ្តល់​សៀវភៅ​គ្រួសារ​នៅប៉ុស្តិ៍នគរបាល​រដ្ឋបាលឃុំសង្កាត់ ដោយភ្ជាប់​ជាមួយ​នូវ​ឯកសារ​ណាមួយ​មានដូចខាងក្រោម៖

  • ពលរដ្ឋខ្មែរ ត្រូវមាន​សៀវភៅ​ស្នាក់នៅ និង​សេចក្តីចម្លងសំបុត្រកំណើត ឬសំបុត្រ​បញ្ជាក់កំណើត (ក្នុងករណីប្តី ប្រពន្ធ ត្រូវមាន​សេចក្តីចម្លង​សំបុត្រ​អាពាហ៍ពិពាហ៍​ ឬសំបុត្រ​បញ្ជាក់​អាពាហ៍ពិពាហ៍)
  • កូនស្មុំ ត្រូវមាន​សាលក្រមតុលាការ
  • ជនបរទេស​ដែល​ចូលសញ្ជាតិ​ខ្មែរ ត្រូវមាន​ច្បាប់ចម្លង​ព្រះរាជក្រឹត្យចូលសញ្ជាតិខ្មែរ

មន្រ្តី​បុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំសង្កាត់ ត្រូវបំពេញ​សំណុំ​បែបបទតាមការស្នើសុំ​របស់​មេគ្រួសារ ដោយមានភ្ជាប់​ជាមួយនូវ​ឯកសារ​ដាក់ជូននាយប៉ុស្តិ៍នគរបាល​រដ្ឋបាល ពិនិត្យ និងសម្រេច បន្ទាប់ពី ចម្លង​ទិន្នន័យ​ចូល​ក្នុងបញ្ជីគ្រួសារ និង​សៀវភៅ​គ្រួសារបាន​ត្រឹមត្រូវ តាមខ្លឹមសារ​នៃទម្រង់​នីមួយៗ​ដោយមិនអនុញ្ញាតឱ្យ​សរសេរ​អក្សរកាត់ ឬប្រើប្រាស់​សញ្ញាអ្វីឡើយ និងមេគ្រួសារ​ត្រូវផ្តិមេដៃលើ​បញ្ជីគ្រួសារ រួចនាយប៉ុស្តិ៍នគរបាល​រដ្ឋបាលត្រូវចុះហត្ថលេខា និងបោះត្រា​លើបញ្ជីគ្រួសារ ព្រមទាំង​បញ្ជូនសៀវភៅ​គ្រួសារនោះ​ទៅសុំការ​សម្រេចពីអធិការ​នគរបាលក្រុង ស្រុក ខណ្ឌ ដើម្បី​ចុះហត្ថលេខា និងបោះត្រា​លើសៀវភៅគ្រួសារ

សៀវភៅស្នាក់នៅ

មេគ្រួសារ ឬអ្នកតំណាង​ត្រូវដាក់​ពាក្យ​ស្នើសុំចុះ​បញ្ជី​ផ្តល់​សៀវភៅ​ស្នាក់នៅ នៅប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ សង្កាត់ ដោយភ្ជាប់​ជាមួយ​នូវ​ឯកសារ​ណាមួយមានដូចខាងក្រោម៖

  • ពលរដ្ឋខ្មែរ ត្រូវមាន​សេចក្តីចម្លង​សំបុត្រ​កំណើត ឬ​សំបុត្រ​បញ្ជាក់​កំណើត (ក្នុង​ករណី​អ្នកទើប​រៀប​អាពាហ៍ពិពាហ៍ ត្រូវ​ភ្ជាប់​ជាមួយ​សេចក្តី​ចម្លង​សំបុត្រ​អាពាហ៍ពិពាហ៍ ឬសំបុត្រ​បញ្ជាក់​អាពាហ៍ពិពាហ៍)
  • ជនបរទេស​អន្តោប្រវេសន្ត​ដែល​ស្នាក់នៅស្របច្បាប់ ដែលមាន​ប្រកាស​ទទួលស្គាល់​របស់​ក្រសួងមហាផ្ទៃ និងបណ្ណស្នាក់នៅអចិន្រ្តៃយ៍ (មាន​សុពលភាព)
  • ជនបរទេស​ដែល​ចូលសញ្ជាតិខ្មែរ ត្រូវមាន​ច្បាប់​ចម្លងព្រះរាជក្រឹត្យ​ចូលសញ្ញាជាតិខ្មែរ
  • សមាជិក​គ្រួសារ​ខ្មែរ​ដែលវិលត្រឡប់​មកពីក្រៅប្រទេស ត្រូវមាន​លិខិត​បញ្ជាក់​អំពី​ការធានាអះអាងពីមេគ្រួសារ ឬសាក្សី
  • អ្នកជួល​លំនៅឋាន​ដែល​ពុំទាន់​បានចុះបញ្ជី​ស្នាក់នៅ​អចិន្រ្តៃយ៍​នៅតាមលំនៅឋាន​ណាមួយ ត្រូវមាន​ឯកសារ​បន្ថែម​ដូចជា​កិច្ចសន្យា​ជួលលំនៅឋាន និង​លិខិត​បញ្ជាក់​ពីម្ចាស់​លំនៅឋាន ឱប្រើប្រាស់​អាសយដ្ឋាន ដែលមានការបញ្ជាក់​ទទួលស្គាល់ពីមេឃុំ ឬចៅសង្កាត់។