បរទេស៖ ស្ត្រីជនជាតិចិនមានអាយុ ៨៧ឆ្នាំ បានក្លាយជាប្រធានបទ និងមានភាពល្បីល្បាញក្នុងបណ្ដាញសង្គមក្រោយពីស្ត្រីរូបនេះបានបង្ហាញពីសមត្ថភាពដ៏អស្ចារ្យដូចជាមនុស្សពេញវ័យ ក្នុងការជិះស្គីដ៏ស្ទាត់ជំនាញមិនចាញ់ក្មេងៗលើកំពូលភ្នំ។

កាលពីពេលថ្មីៗកន្លងទៅនេះមានការបង្ហោះនូវឃ្លីបវីដេអូយ៉ាងព្រោងព្រាតជាមួយនឹងសកម្មភាពនៃការជិះស្គីរបស់ស្ត្រីវ័យចំណាស់ម្នាក់ដែលគេស្គាល់ឈ្មោះថា Liu Zhihua មានវ័យ៨៧ឆ្នាំ គាត់បានក្លាយជាស្ត្រីចំណាស់ទីមួយដែលបានបង្ហាញពីសមត្ថភាពនៃការជិះស្គីយ៉ាងអស្ចារ្យ និងស្ទាត់ជំនាញនៅលើកំពូលភ្នំ នៃតំបន់ Urumqi រដ្ឋធានីក្នុងតំបន់ស្វយ័ត Xinjiang Uygur ភាគពាយព្យនៃប្រទេសចិន។

ជាមួយគ្នានោះបើតាមការបញ្ជាក់របស់លោកយាយ Liu Zhihua បានប្រាប់ថា លោកយាយបានចាប់ផ្ដើមជិះស្គីជាលើកដំបូងរបស់គាត់ជាមួយនឹងស្វាមីនៅក្នុងឆ្នាំ២០០៧ កាលពីគាត់មានអាយុ៧២ឆ្នាំ ដោយកាលនោះគាត់មានការព្រួយបារម្ភពីសុខភាព និងសុវត្តិភាពឆ្អឹងផងដែរ ប៉ុន្តែក៏មានការជំរុញលើកទឹកចិត្តរបស់កូនប្រុសរបស់គាត់។

បើទោះបីក្នុងរយៈពេលដំបូងវាបានធ្វើឱ្យលោកយាយមានការឈឺចាប់ខ្លួនជាខ្លាំង ក្រោយមកអាការក៏ធូរស្បើយ និងលែងមានអាការនេះកើតឡើង បន្ទាប់មកគាត់ក៏ចាប់ផ្ដើមជិះពីជំរៀលទាប និងឈានចូលដល់ការជិះពីជំរៀលខ្ពស់មកវិញបានយ៉ាងស្ទាតជំនាញ។

លុះក្រោយមកនៅពេលដែលមានបទពិសោធន៍ជិះស្គីស៊ាំ និងមានៅភាពស្ទាត់ជំនាញរួចមកគាត់តែងតែរីករាយ និងចូលចិត្តកីឡានេះខ្លាំងណាស់ ហើយក៏បានចាប់ផ្តើមជិះស្គីជាមួយប្តីរៀងរាល់រដូវរងានេះជានិច្ច៕ ប្រភព៖ tna.mcot