បរទេស៖ យ៉ាងហោចណាស់មានមនុស្សចំនួន ១៣ នាក់បានស្លាប់ និងជាង ២០ នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួននៅក្នុងហេតុការណ៍នៃគ្រោះទឹកជំនន់ធ្ងន់ធ្ងរភ្លាមៗ នៅតំបន់ភាគខាងត្បូងនៃប្រទេសហ្វីលីពីន។

នាថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២២ទីភ្នាក់ងារសារព័ត៌មានបរទេសបានរាយការណ៍ពីទីក្រុងម៉ានីល នៃប្រទេសហ្វីលីពីន ថាទីភ្នាក់ងារការពារ និងកាត់បន្ថយគ្រោះមហន្តរាយហ្វីលីពីនបានឱ្យដឹងថាមាន គ្រោះទឹកជំនន់ភ្លាមៗនៅភាគខាងត្បូងនៃប្រទេសដែលបានកើតឡើងកាលពីចុងសប្តាហ៍មុន។

ជាលទ្ធផលនៃភ្លៀងធ្លាក់ខ្លាំងនេះបានបណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់១៣ នាក់បានស្លាប់ និងមានអ្នកបាត់ខ្លួនយ៉ាងហោចណាស់ចំនួន២៣ ព្រមទាំងបង្កការខូចខាតសម្បត្តិរដ្ឋ និងឯកជនជាច្រើន។

ទោះជាយ៉ាងណាក្រុមអ្នកជួយសង្គ្រោះកំពុងបន្តស្វែងរកមនុស្សដែលបាត់ខ្លួនបន្ត ស្របពេលអាជ្ញាធរក្នុងតំបន់នៅតែបន្តជម្លៀសមនុស្សជាង ៤៥.០០០ នាក់នៅតំបន់រងគ្រោះទៅ កាន់ទីជម្រកបណ្ដោះអាសន្នជាផ្លូវការនៅភាគខាងត្បូងប្រទេសហ្វីលីពីនដែលរងគ្រោះយ៉ាងខ្លាំងនេះ។

គួររំលឹកថាព្យុះត្រូពិច Nalgae កាលពីខែតុលាកន្លងទៅ បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ១៥៤នាក់បានស្លាប់ និង ៣៥នាក់បានបាត់ខ្លួន មិនតែប៉ុណ្ណោះក៏បានបង្កឱ្យមានការខូចខាតដល់សេដ្ឋកិច្ចហ្វីលីពីនជាង ២៣៦,៥លានដុល្លារផងដែរ៕ ប្រភព៖ Sanook