ប្រទេសថៃ៖ មានហេតុការណ៍អគ្គិសភ័យឆេះបន្ទប់ភ្លេងរបស់សាលាមួយកន្លែងដែលបណ្ដាលឱ្យឧបករណ៍ភ្លេងជាច្រើន ត្រូវបានឆាបឆេះខ្ទេចគ្មានសល់ទាំងកណ្ដាលយប់ ដោយគិតជាទឹកប្រាក់នៃការខូចខាតអស់ជាង១០ លានបាត។

នៅវេលាម៉ោង ១ និង ៣០ នាទីទៀបភ្លឺឈានចូលថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០២២ មានសេចក្ដីរាយការណ៍អំពីហេតុការណ៍នៃគ្រោះអគ្គិភ័យឆាបឆេះបន្ទប់ដាក់ភ្លេង ដែលជាអគារស្តុកឧបករណ៍ភ្លេងក្នុងសាលាដ៏ល្បីមួយកន្លែង ស្ថិតក្នុងខេត្ត នគរ ស៊ី ថាមរ៉ាត់ (Nakhon Si Thammarat)នៃប្រទេសថៃ។

ហេតុការណ៍ដ៏អាក្រក់នេះផងដែរ លោកវរសេនីយ៍ទោ រឹង ឆៃ ខារឿង អធិការរងស៊ើបអង្កេត ប៉ុស្តិ៍នគរបាលរដ្ឋបាលក្នុងតំបន់បានលើកឡើងថា បន្ទាប់ពីមានការរាយការណ៍ពីដំណឹងនេះរួចមកលោកក៏បានរៀបចំរថយន្តពន្លត់អគ្គិភ័យចំនួន ៣ គ្រឿងប្រញាប់ប្រញាល់ទៅបាញ់ទឹកពន្លត់ភ្លើងជាបន្ទាន់ដោយប្រើអស់រយៈពេល២ ម៉ោងទើបស្ងប់។

ជាមួយគ្នានោះប្រភពដដែលបានបញ្ជាក់ថាក្នុងឧបទ្ទវហេតុនៃភ្លើងឆេះនេះបានបណ្ដាលឱ្យ ឧបករណ៍ភ្លេងផ្សេងៗជាច្រើន ត្រូវបានភ្លើងឆេះអស់ទាំងស្រុង ហើយការប៉ាន់ស្មានជាបឋមនៃការខូចខាតមិនតិចជាង ១០ លានបាត ឬ ប្រហែល ២៨៧,៩០៦ដុល្លារ។

យ៉ាងណាមិញជាជំហានដំបូងគេបានសន្និដ្ឋានថា ភ្លើងឆាបឆេះអាចបណ្ដាលមកពីមូលហេតុឆ្លងចរន្ត អគ្គិសនី ​ប៉ុន្តែទោះជាយ៉ាងណាសមត្ថកិច្ចកំពុងធ្វើការសម្របសម្រួលជាមួយប៉ូលិសដោយបានចុះមកពិនិត្យ កន្លែងកើតហេតុ ដើម្បីរកភស្តុតាង និងមូលហេតុ នៃការឆេះយ៉ាងលម្អិតម្តងទៀត មុននឹងចាត់វិធានការផ្លូវច្បាប់បន្ត៕ ប្រភព៖ Dailynews