បរទេស៖ រដ្ឋមន្ត្រីសុខាភិបាលម៉ាឡាវី លោក Kambize Chiponda បាននិយាយថា ចំនួនអ្នកស្លាប់ដោយសារការផ្ទុះឡើងនៃជំងឺអាសន្នរោគនៅក្នុងប្រទេសម៉ាឡាវីមានការកើនឡើងលើសពី ៤០០នាក់ ហើយបានជំរុញឱ្យប្រជាជននៅក្នុងតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុតឱ្យចាត់វិធានការទទួលថ្នាំបង្ការជាបន្ទាន់។

កាលពិថ្ងៃទី ២៣ ​ខែធ្នូ ឆ្នាំ២០២២ មានសេចក្ដីរាយការណ៍ពីរ៉យទ័របានឱ្យដឹងថា ប្រទេសម៉ាឡាវី មានចំនួនករណី និងការស្លាប់ដោយសារតែជំងឺអាសន្នរោគសរុបបានកើនឡើងយ៉ាងខ្លាំងដល់ ១៣,៨៣៧ និងករណីស្លាប់ ៤១០ រៀងគ្នាចាប់តាំងពីករណីដំបូងត្រូវបានរាយការណ៍នៅក្នុងខែមីនា។

ជំងឺអាសន្នរោគដែលកំពុងឆ្លងរាលដាលនេះផងដែរ ត្រូវបានគេដឹងថាបានឆ្លងតាមរយៈទឹក និងអាហារដែលមានមេរោគ ហើយមន្ត្រីសុខាភិបាលប្រទេសម៉ាឡាវី កំពុងតែភ័យខ្លាចអំពីការផ្ទុះឡើងអាចកាន់តែអាក្រក់ទៅៗជាងនេះ ចាប់តាំងពីអ្នកជំងឺភាគច្រើនត្រូវបានកត់ត្រាទុក។

ទោះជាយ៉ាងណា អាជ្ញាធរក្នុងតំបន់បានអះអាងថាប្រជាជននៃ Mangochi  មជ្ឈមណ្ឌលទេសចរណ៍មាត់បឹងដ៏ធំបំផុតរបស់ប្រទេសម៉ាឡាវី និងទីក្រុង Blantyre ដែលជាតំបន់ពីរដែលរងគ្រោះខ្លាំងបំផុត បានទទួលការចាក់វ៉ាក់សាំងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងរក្សាអនាម័យយ៉ាងតឹងរ៉ឹងក្នុងពិធីបុណ្យផ្សេងៗ។

យ៉ាងណាមិញស្ថានភាពបច្ចុប្បន្នបាននឹងកំពុងជំរុញឱ្យប្រធានាធិបតីម៉ាឡាវីលោក Lazarus Chaquera ស្នើសុំឱ្យក្រុមការងារប្រធានាធិបតីឆ្លើយតបទៅនឹងជំងឺរាតត្បាត និងជួយសម្រួលដល់ការរីករាលដាលនៃជំងឺអាសន្នរោគនេះ មិនតែប៉ុណ្ណោះវាត្រូវបានគេចាត់ទុកថាជាភាពអាសន្នសុខភាពសាធារណៈក្នុងប្រទេសនេះផងដែរ៕ ប្រភព៖ Dailynews