កោះស្មៅគឺគ្រាន់តែជាឈ្មោះទីកន្លែងមួយប៉ុណ្ណោះដែលស្ថិតនៅក្នុងក្រុងកំពតក្បែរស្រែអំបិល តែវាមិនមែនជាកោះទេ។ ដើម្បីទៅដល់ទីនោះលោកអ្នកគ្រាន់តែធ្វើដំណើរតាមបណ្ដោយផ្លូវដងព្រែកឆ្ពោះទៅកាន់ភូមិកំពង់កណ្តាលទៅត្រង់ នោះលោកអ្នកនឹងទៅដល់កោះស្មៅ។
នៅតាមផ្លូវលោកអ្នកនឹងឆ្លងកាត់ភូមិខ្មែរឥស្លាម ភូមិនេសាទ និងជាពិសេសផ្ទះលំហែតាមមាត់ទឹកជាច្រើន។ ថ្វីត្បិតតែទីនោះស្ថិតនៅឆ្ងាយពីក្រុងបន្តិចមែន ប៉ុន្តែវាជាកន្លែងដែលល្អមួយសម្រាប់អ្នកដែលចូលចិត្តថតរូប លំហែកាយ ស្រូបយកខ្យល់អាកាសបរិសុទ្ធ អង្គុយគយគន់ថ្ងៃលិច មើលសកម្មភាពអ្នកនេសាទចេញទៅសមុទ្រនាល្ងាចចន្លោះម៉ោង៤-៥ និងទេសភាពស្រស់ស្អាតនៃស្រែអំបិល ហើយអ្នកកំពតមួយចំនួនក៏ចូលចិត្តជិះកង់ទៅទីនោះដើម្បីធ្វើលំហាត់ប្រាណផងដែរ៕










