អន្តរជាតិ៖ ទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី បានរាយការណ៍ថា ប្រធានាធិបតីលោក វ្ល៉ាឌីមៀ ពូទីន បានដាក់ចេញបទបញ្ជាពង្រឹងព្រំដែនរបស់ខ្លួន និងបានណែនាំដល់សេវាសន្តិសុខជាតិ ឲ្យបង្កើនការគ្រប់គ្រងសង្គម ដើម្បីកម្ចាត់ជនក្បត់ អ្នកស៊ើបការណ៍ និងអ្នកបះបោរ។ នេះបើយោងតាម ការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២០ ខែធ្នូ ឆ្នាំ២០២២។

ថ្លែងនៅក្នុងទិវាសេវាសន្តិសុខ ដែលប្រារព្ធយ៉ាងទូលំទូលាយនៅប្រទេសរុស្ស៊ីនៅថ្ងៃចន្ទសប្តាហ៍នេះ លោក ពូទីន បានណែនាំដល់មន្ត្រីសន្តិសុខ ឲ្យពង្រឹងការការពារព្រំដែន បង្កើនការគ្រប់គ្រងក្នុងសង្គម និងបង្កើនការប្រើប្រាស់សក្តានុពលប្រតិបត្តិការបច្ចេកទេស និងបុគ្គលិករបស់ពួកគេ ដើម្បីការពារហានិភ័យពីការជ្រៀតជ្រែកពីបរទេសលើកិច្ចការផ្ទៃក្នុងរុស្ស៉ី។

លោក ពូទីន បានគូសបញ្ជាក់យ៉ាងដូច្នេះថា​ «ការរក្សានូវភាពស្ងៀមស្ងាត់ និងប្រមូលផ្តុំកម្លាំងនាពេលនេះ ធ្វើឡើងតាមការស្នើសុំពីទីភ្នាក់ងារប្រឆាំង ការស៉ើបការណ៍ រួមទាំងភ្នាក់ងារស៉ើបការណ៍សម្ងាត់យោធា។ វាចាំបាច់ណាស់ដែលត្រូវបង្ក្រាបឲ្យបានខ្លាំងក្លាលើរាល់សកម្មភាពរបស់សេវាកម្ម ពិសេសបរទេស កំណត់ឲ្យបាននូវអត្តសញ្ញាណជនក្បត់ ភ្នាក់ងារស៊ើបការណ៍សម្ងាត់ និងអ្នកបះបោរឲ្យបានឆាប់រហ័ស។ រីឯការការពារព្រំដែនរុស្ស៊ី ក៏ត្រូវតែពង្រឹងថែមទៀត»។

គួរបញ្ជាក់ថា លោក ពូទីន ក៏បានបញ្ជាឱ្យសេវាសន្តិសុខរុស្ស៉ី ធានាសុវត្ថិភាពសម្រាប់ប្រជាជនដែលកំពុងរស់នៅលើទឹកដីអ៊ុយក្រែនដែលរុស្ស៉ី បានកាត់បញ្ចូលជាឧបសម្ព័ន្ធរបស់ខ្លួន និងដែលទីក្រុងកៀវ និងលោកខាងលិចចាត់ជាអំពើខុសច្បាប់ផងដែរ​៕