បរទេស៖ ក្រុមក្មេងទំនើងមួយក្រុមបានបើកការបាញ់ប្រហារ ដោយមានគ្រាប់បែកមួយគ្រាប់បានគប់ ទៅកាន់ សណ្ឋាគារមួយនៅកណ្តាលទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន មុនពេលការបង្រ្កាបដោយកងកម្លាំងសន្តិសុខបានសម្លាប់មនុស្ស ៣ នាក់ និងរបួស ១៨ នាក់ផ្សេងទៀត។

ទីភ្នាក់ងារសារព័ត៌មាន អាល់ចា សេរ៉ា(Al Jazeera) បានរាយការណ៍ថា នៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២២ មានក្រុមប្រដាប់អាវុធបានវាយប្រហារសណ្ឋាគារ ឡុង ហ្គែន (Longan) ក្នុងសង្កាត់ពាណិជ្ជកម្ម ចា រិណាវ (Charinau) កណ្តាលទីក្រុងកាប៊ុលនៃប្រទេសអាហ្វហ្គានីស្ថាន។ ដែលនៅទីនោះជាសណ្ឋាគារ មានភ្ញៀវទេសចរណ៍ និងភ្ញៀវបរទេសស្នាក់នៅជាច្រើន ហើយភាគច្រើនជាជនជាតិចិន។
ជាមួយគ្នានោះអ្នកនាំពាក្យរដ្ឋាភិបាលតាលីបង់បាននិយាយថា មុនពេលកើតហេតុយ៉ាងហោចណាស់មានខ្មាន់កាំភ្លើងបីនាក់បានលួចចូលសណ្ឋាគារនេះ រួចក៏ធ្វើបាញ់បោះទៅកាន់មនុស្សក្នុងសណ្ឋាគារ ព្រមទាំងមានការគប់គ្រាប់បែកបង្កជាអគ្គិភ័យផងដែរ។
ទោះជាយ៉ាងណាបន្ទាប់ពីមានហេតុការខាងលើ ក្រុមមន្ត្រីសន្តិសុខក្នុងតំបន់ក៏បានចុះបង្ក្រាបយ៉ាងក្ដៅគគុករហូតដល់ មន្ត្រីប៉ូលិសសម្រេចចិត្តបាញ់សម្លាប់ក្រៅប្រព័ន្ធតុលាការបណ្ដាលឱ្យជនបង្ក ៣ នាក់ស្លាប់បាត់បង់ជីវិត និងមនុស្ស ១៨ នាក់ផ្សេងទៀតបានរងរបួស ដែលភាគច្រើនជាជនជាតិចិន។
ប្រភពដដែលបានបន្ថែមថាគ្មានជនបរទេសណាម្នាក់ស្លាប់ក្នុងឧបទ្ទវហេតុនេះទេ ប៉ុន្តែមានភ្ញៀវបរទេសក្នុងសណ្ឋាគារពីរនាក់បានរងរបួសធ្ងន់ ខណៈពេលដែលពួកគេព្យាយាមលោតចេញពីបង្អួចដើម្បីគេចខ្លួនពីគ្រោះថ្នាក់ដោយអាវុធ។

គួរបញ្ជាក់ផងដែរថាក្នុងប៉ុន្មានខែថ្មីៗនេះប្រទេសអាហ្វហ្គានីស្ថាន មានការទម្លាក់គ្រាប់បែក និងការវាយប្រហារជាបន្តបន្ទាប់នៅក្នុងប្រទេស ដែលភាគច្រើនបង្កឡើងដោយពួកសកម្មប្រយុទ្ធ អាយ ស៊ីស (ISIS) នៅក្នុងប្រទេសអាហ្វហ្គានីស្ថានផ្ទាល់៕ ប្រភព៖ Thairath











