មហាជនទាំងអ្នកបានចូលរួមដោយផ្ទាល់ និងមិនបានចូលរួមបានប្រតិកម្មចំពោះការផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តដល់កីឡាករ-កីឡាការិនី ដែលជ័យលាភីលេខ១ បានត្រឹមតែ១០ម៉ឺនរៀល ,២ និង៣ បានត្រឹមតែ៥ម៉ឺនរៀល ដែលប្រាក់រង្វាន់នេះមានចំនួនតិចមិនស្មើតម្លៃសំបុត្រដែលបានទិញ ដើម្បីចូលរួមប្រកួតផងនោះ(សំបុត្រ១ តម្លៃ៨ម៉ឺនរៀល)។

យ៉ាងណាពាក់ព័ន្ធនឹងបញ្ហាទាំងនេះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិកាជាតិ CAMSOC បានបកស្រាយច្បាស់ៗទៅនឹងការភាន់ច្រឡំ​ពីសំណាក់មហាជនថា​ ថវិកាលើកទឹកចិត្តជ័យលាភី រត់កម្សាន្ត និងប្រណាំងកង់ ដើម្បីអបអរសាទរពិធីបុណ្យសមុទ្រ លើកទី៩ (ជុំទី៣) នៅខេត្តព្រះសីហនុ។ លោក បន្តថា​ ការប្រកួតនេះ​ រៀបចំក្នុងគោលបំណង ដើម្បីអបអរបុណ្យសមុទ្រ សាមគ្គីភាព មិត្តភាព មិនប្រកួតដើម្បីលុយកាក់នោះទេ។លោក វ៉ាត់ ចំរើន បកស្រាយក្នុងបទសម្ភាសពាក់ព័ន្ធនឹងមហាជនភាន់ច្រលំរឿងប្រាក់រង្វាន់ពីការប្រកួតកីឡាអបអរសាទរពិធីបុណ្យសមុទ្រ លើកទី៩ នៅខេត្តព្រះសីហនុ។ រូបពី CAMSOC លោក វ៉ាត់ ចំរើន និយាយថា៖«កាលពីព្រឹកមិញ គឺជាកាន់ភាន់ច្រឡំ និងជាការយល់ខុស ដ្បិតស្មារតីកីឡា ក៏ដូចជាស្មារតីអូឡាំពិក មិនត្រូវឲ្យមានការផ្ដល់ប្រាក់រង្វាន់អ្វីនោះទេ»។ លោក បានបន្ថែមថា ការប្រកួតកីឡាទូទៅលើពិភពលោក ក្នុងស្មារតីអូឡាំពិក គឺមិនតម្រូវឲ្យមានការផ្ដល់ប្រាក់រង្វាន់នោះទេ ក្រៅពីវត្ថុអនុស្សាវរីយ៍បន្ដិចបន្ដួចប៉ុណ្ណោះ។
ដោយឡែក ទាក់ទងនឹងតម្លៃទិញសំបុត្រចូលរួមប្រកួតប្រណាំងកង់វិញ គឺជាវិភាគទានមួយ ដែលបងប្អូនស្ម័គ្រចិត្តបង់ចូលរួម ហើយការកំណត់នេះ គឺដើម្បីសម្រួលដល់គណៈកម្មការក្នុងការរៀបចំការប្រកួតឲ្យបានរលូន ស្របតាមលក្ខណៈស្ដង់ដាកីឡា និងសុវត្ថិភាពខ្ពស់ជូនអ្នកចូលរួមប្រណាំង។ ចំណុចនេះ​ ជារឿងមួយសំខាន់ ដើម្បីធានាបាននូវសុវត្ថិភាព សន្ដិសុខសណ្ដាប់ធ្នាប់ល្អ តាំងពីកន្លែងចេញដំណើរ រហូតដល់ទីផ្តាច់ព្រ័ត្រ បន្ថែមលើការផ្ដល់ជូននូវអាវយឺត ក៏ដូចជាមេដាយផងដែរ។ លើសពីនេះ រាល់ការប្រកួតប្រណាំងកង់ភាគច្រើនមានការផ្ដល់ឲ្យអ្នកចូលរួមចូលវិភាគទាន៕