បរទេស៖ ប្រសិនបើអ្នកបានទៅដល់ស្រុក Balswa នៃទីក្រុងដេលី ក្នុងប្រទេសឥណ្ឌា អ្នកប្រហែលជាបានឃើញ កន្លែងសម្គាល់មួយដែលមានរូបរាងដូចជាភ្នំ ប៉ុន្តែតាមការពិតវាជាគំនរសំរាមដ៏ធំស្ទើរមិនគួរឱ្យជឿ ហាក់ដូចជាអាគារកម្ពស់២០ជាន់។

នាថ្ងៃទី១២ ​ខែ ធ្នូ ឆ្នាំ២០២២នេះ មាន​សេចក្ដីរាយការណ៍ពីស្ថានភាពបរិស្ថានក្នុងប្រទេសឥណ្ឌាមួយកន្លែងដែលល្បីថាជាទីតាំងបំពុលបំផុតក្នុងប្រទេសឥណ្ឌា ត្រូវបានគេហៅថាជាតំបន់មួយក្នុង ចំណោមតំបន់ដែលបំពុលខ្លាំងបំផុតក្នុងពិភពលោក​ មានឈ្មោះថាតំបន់ Bhalswa Landfill” ។ ទីនេះជាកន្លែងចោលសំរាមដែលបច្ចុប្បន្នត្រូវបានប្រមូលដោយបរិមាណសំណល់ដ៏ច្រើនសន្ធឹកសន្ធាប់។

ចំណុចសំខាន់នៅក្នុងតំបន់នេះគឺជាគំនរសំរាមដែលមានរូបរាងដូចជាភ្នំ និងមានកម្ពស់ដ៏ខ្ពស់របស់វាហាក់ដូចជាអាគារ២០ជាន់ នឹងមើលទៅវាប្រៀបដូចទៅនឹងកូនភ្នំតូចមួយ ជាមួយនឹងកម្ពស់ជាង ៦២ ម៉ែត្រនៃគំនរសំរាមដ៏ច្រើននេះ។

ជាមួយគ្នានោះដែរគ្រោះថ្នាក់នៃគំនរសំរាមដ៏ខ្ពស់កប់ពពកនេះ  វាគឺជាប្រភពនៃឧស្ម័នមេតានមួយនៃឧស្ម័នផ្ទះកញ្ចក់ដែលគំរាមកំហែងដល់ពិភពលោកយ៉ាងខ្លាំង ដែលបណ្តាលមកពីការប្រមូលផ្តុំកាកសំណល់ ជាពិសេសកាកសំណល់ជីវសាស្រ្ត ឬកាកសំណល់សរីរាង្គ ដោយសារតែអតិសុខុមប្រាណបំផ្លាញសារធាតុសរីរាង្គនៅក្នុងកាកសំណល់ទាំងនេះរហូតដល់ឧស្ម័នត្រូវបានបង្កើតឡើងយ៉ាងច្រើនបែបនេះ។

ទោះជាយ៉ាងណាបញ្ហានេះមនុស្សជាច្រើនគ្មានជម្រើស ត្រូវរស់នៅជាមួយការបំពុលដែលបណ្ដាលមក ពីគំនរសំរាម ទឹកកខ្វក់ អាចនិយាយបានថាគុណភាពជីវិតប្រជាជនក្រីក្រគឺជៀសមិនផុតពីការរស់នៅក្នុងតំបន់នេះ។

ពិតណាស់បើយោងតាមទិន្នន័យពី GHGSat ដែលជាផ្កាយរណបត្រួតពិនិត្យដង់ស៊ីតេមេតានបានឱ្យដឹងថា ឥណ្ឌាបង្កើតឧស្ម័នមេតានពីកន្លែងចាក់សំរាមច្រើនជាងប្រទេសដទៃទៀតក្នុងពិភពលោក។ ហើយទន្ទឹមនឹងនេះឥណ្ឌាក៏ជាប្រទេសបញ្ចេញមេតានធំបំផុតទីពីររបស់ពិភពលោកបន្ទាប់ពីប្រទេសចិនផងដែរ នេះបើយោងតាម Global Methane Tracker ដោយទីភ្នាក់ងារថាមពលអន្តរជាតិ(IEA)។

ទោះជាយ៉ាងណានាពេលបច្ចុប្បន្នឥណ្ឌានៅតែមិនអាចស្វែងរកដំណោះស្រាយសម្រេចណាមួយ និង មានប្រសិទ្ធភាពចំពោះបញ្ហាកន្លែងចាក់សំរាម Balswaនេះនៅឡើយទេ ដោយប្រសិនបើបញ្ហាកន្លែងចាក់សំរាមនេះនៅតែបន្ត នោះគេជឿថាឥណ្ឌានឹងមិនអាចកាត់បន្ថយការបំភាយឧស្ម័នមេតានបានគ្រប់គ្រាន់នោះឡើយ ហើយក្តីសុបិននៃការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងការសង្គ្រោះភពផែនដីរបស់យើងវាអាចជាបញ្ហាមួយដែលអស់សង្ឃឹម និងមិនអាចទៅរួច៕ ប្រភព៖ pptvhd36