អន្តរជាតិ៖ អតីតប្រធានាធិបតីរុស្ស៊ី លោក ឌីមីទ្រី មេដវេដេវ (Dmitry Medvedev) បាននិយាយកាលពីថ្ងៃអាទិត្យ ទី១១ ខែធ្នូថា រុស្ស៊ីកំពុងបង្កើនការផលិតអាវុធជំនាន់ថ្មី ដើម្បីការពារខ្លួនពីសត្រូវនៅតំបន់អឺរ៉ុប សហរដ្ឋអាម៉េរិក និងអូស្ត្រាលី។

លោក មេដវេដេវ បាននិយាយនៅលើកម្មវិធីផ្ញើសារតេឡេក្រាម (Telegram) ថា ៖«យើងកំពុងបង្កើនការផលិតនូវមធ្យោបាយបំផ្លិចបំផ្លាញដ៏មានឥទ្ធិពលបំផុត រួមទាំងមធ្យោបាយនានាដែលផ្អែកលើគោលការណ៍ថ្មី។ ដោយសត្រូវរបស់យើងមិនត្រឹមតែស្ថិតនៅទីក្រុងកៀវដែលជាអតីតទឹកដី Malorossiya របស់យើងប៉ុណ្ណោះទេ។ សត្រូវរបស់រុស្ស៊ីគឺស្ថិតនៅក្នុងទ្វីបអឺរ៉ុប អាមេរិកខាងជើង ជប៉ុន អូស្ត្រាលី នូវែលសេឡង់ និងកន្លែងមួយចំនួនទៀតដែលបានសន្យាភក្តីភាពចំពោះពួកណាស៊ី។ យ៉ាងណាមិញ លោក មេដវេដេវ ដែល​មាន​តួនាទី​ជា​អនុប្រធាន​ក្រុមប្រឹក្សា​សន្តិសុខ​រុស្ស៊ី មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​អំពី​អាវុធ​ដែលលោកបានលើកឡើងនោះ​ទេ។

ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បាននិយាយម្ដងហើយម្ដងទៀតថា រុស្ស៊ីបាននឹងកំពុងអភិវឌ្ឍអាវុធប្រភេទថ្មី រួមទាំងអាវុធល្បឿនលឿនជាងសំឡេង ដែលលោកជឿជាក់ថាអាចគេចផុតពីប្រព័ន្ធការពារមីស៊ីលដែលមានស្រាប់ទាំងអស់។ ចាប់តាំងពីលោក ពូទីន បានបញ្ជូនទាហានទៅអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈមក លោក មេដវេដេវ ដែលមានវ័យ ៥៧ ឆ្នាំរូបនេះគឺជាអ្នកគាំទ្រដ៏ងប់ងល់ចំពោះការឈ្លានពានរបស់រុស្ស៊ី។ តួយ៉ាង កាលពីថ្ងៃអង្គារ ទី២៩ ខែវិច្ឆិកា អតីតប្រធានាធិបតីរុស្ស៊ីរូបនេះ បានព្រមានអង្គការណាតូប្រឆាំងនឹងការផ្ដល់ប្រព័ន្ធការពារមីស៊ីល Patriot ដល់អ៊ុយក្រែន ដោយបានបរិហារសម្ព័ន្ធមិត្តណាតូថាជា «អង្គភាពឧក្រិដ្ឋកម្ម» សម្រាប់ការផ្ដល់អាវុធដល់អ្វីដែលលោកហៅថា របបជ្រុលនិយម។ លោក មេដវេដេវ បានសរសេរនៅលើកម្មវិធីផ្ញើសារតេឡេក្រាមថា៖«ប្រសិនបើដូចដែលអគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានបានលើកឡើងថា ណាតូត្រូវផ្គត់ផ្គង់អ្នកនិយមជ្រុលអ៊ុយក្រែនជាមួយនឹងប្រព័ន្ធការពារមីស៊ីល Patriot រួមជាមួយបុគ្គលិកណាតូ នោះពួកគេនឹងក្លាយទៅជាគោលដៅស្របច្បាប់នៃកងកម្លាំងប្រដាប់អាវុធរបស់យើងភ្លាមៗ»។

កាលពីថ្ងៃសុក្រទី ៩ ខែធ្នូ លោក ពូទីន បានលើកឡើងថា រុស្ស៊ីអាចនឹងធ្វើវិសោធនកម្មលទ្ធិយោធារបស់ខ្លួន ដោយដាក់ចេញនូវលទ្ធភាពនៃការវាយប្រហារជាមុនដើម្បីឆ្លើយតបចំពោះសត្រូវ ដោយលោកសំដៅលើការវាយប្រហារដោយប្រើអាវុធនុយក្លេអ៊ែរ។ ខណៈ ប្រមុខ​វិមាន​ក្រឹមឡាំង ​បាន​អះអាង​ថា មីស៊ីលតម្រង់ទិស និងមីស៊ីលដែលមាន​ល្បឿន​លឿន​ជាង​សំឡេង​របស់​រុស្ស៊ីទំនើប​ជាង និង​ប្រសិទ្ធភាព​ជាងជាង​មីស៊ីល​របស់សហរដ្ឋ​អាម៉េរិក៕