អន្តរជាតិ៖ ប្រធានាធិបតីចិន លោក ស៉ី ជិនពីង បានប្រាប់បណ្តាមេដឹកនាំក្រុមប្រទេសអារ៉ាប់ នៅតំបន់ឈូងសមុទ្រពែក្ស កាលពីថ្ងៃសុក្រថា ចិនមានបំណងឆ្ពោះទៅរកការទិញប្រេងនិងឧស្ម័ន ដោយប្រើប្រាស់លុយយ៉ន់ (yuan)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១០ ខែធ្នូ ឆ្នាំ២០២២។

លោក ស៉ី បានថ្លែងដូចខាងលើនៅរាជធានីរីយ៉ាដនៃប្រទេសច ជាទីដែលរូបលោកបានអញ្ជើញទៅបំពេញទស្សនកិច្ច ហើយ​ចូលរួមកិច្ចប្រជុំកំពូលចំនួន២ ជាមួយក្រុមប្រទេសអារ៉ាប់។ ការអំពាវនាវបែបនោះ គឺស្របទៅនឹងគោលដៅរបស់ទីក្រុងប៉េកាំង ដែលចង់​ពង្រីកវិសាលភាពរូបិយបណ្ណជាតិរបស់ចិន នៅលើឆាកអន្តរជាតិ ហើយបន្សាបឥទ្ធិពលប្រាក់ដុល្លាររបស់អាមេរិក ដែលកំពុងតែ​គ្រប់គ្រង​ការធ្វើពាណិជ្ជកម្មជុំវិញពិភពលោក ឱ្យចុះទន់ខ្សោយ។

លោកប្រធានាធិបតីចិនបានបន្តទៀតថា ចិននឹងបន្តនាំចូលប្រេងក្នុងបរិមាណយ៉ាងច្រើន ពីក្រុមប្រទេសអារ៉ាប់នៃតំបន់ឈូងសមុទ្រពែក្ស ហើយពង្រីកបន្ថែមនូវការនាំចូលឧស្ម័នធម្មជាតិរាវ LNG។ លោក ស៉ី ជិនពីង ក៏បានលើកឡើងផងដែរថា ដំណើរទស្សនកិច្ចរបស់លោកនៅអារ៉ាប៊ីសាអូឌីត បាននាំមកនូវយុគសម័យថ្មីក្នុងទំនាក់ទំនងចិន-អារ៉ាប់ ហើយលោករំពឹងថា កិច្ចប្រជុំកំពូលជាមួយក្រុមប្រទេសអារ៉ាប់ នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់ នៅក្នុងប្រវត្តិសាស្រ្តនៃទំនាក់ទំនងនេះ។

គួរបញ្ជាក់ថា ទីក្រុងរីយ៉ាដព្រមទាំងសម្ពន្ធមិត្តរបស់ខ្លួននៅតំបន់ឈូងសមុទ្រពែក្ស បានប្រឆាំងការដាក់សម្ពាធពីសំណាក់សហរដ្ឋអាមេរិក ដែលចង់ឱ្យពួកខ្លួនរឹតត្បិត ការធ្វើប្រាស្រ័យទាក់ទងគ្នាជាមួយចិន និងដោះដៃចេញពីរុស្ស៉ី ដែលជាប្រទេសផលិតប្រេងធំមួយ និងជាសមាជិកក្នុងអង្គការ OPEC+ ជុំវិញវិបត្តិសង្រ្គាមនៅអ៊ុយក្រែន ខណៈប្រទេសអារ៉ាប់ទាំងនេះ ព្យាយាមដើរឆ្លងសណ្តាប់ធ្នាប់​ពិភពលោក ដែលបាននិងកំពុងបែកខ្ញែកចេញជាប៉ូលធំៗផ្សេងគ្នា ក្រោមក្រសែភ្នែកផ្តោតសំខាន់ទៅលើ សេដ្ឋកិច្ចជាតិនិងផលប្រយោជន៍​ផ្នែកសន្តិសុខរបស់ពួកគេ​ ៕