បរទេស៖ ពិតជាគួរឱ្យហួសចិត្ត និងបង្កការភ្ញាក់ផ្អើលជាខ្លាំង ក្រោយប៉ូលិសធ្វើការចាប់ខ្លួនស្ត្រីជាអ្នកជំងឺជនជាតិអាឡឺម៉ង់ម្នាក់ ជាប់ចោទពីបទល្មើលលួចដកបំពង់ខ្យល់អុកស៊ីហ្សែនរបស់អ្នកជំងឺរួមបន្ទប់ជាមួយគ្នា រហូតទៅដល់ពីរដង ដោយអះអាងថាឮសំឡេងរំខាន។

កាលពីពេលថ្មីៗនេះមានសេចក្ដីរាយការណ៍មួយបានឱ្យដឹងថា អ្នកជំងឺស្ត្រីជនជាតិអាល្លឺម៉ង់អាយុ ៧២ ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួន និង កាត់ទោសក្រោយពីសង្ស័យបិទបំពង់ខ្យល់អុកស៊ីហ្សែនរបស់អ្នកជំងឺវ័យចំណាស់ម្នាក់ទៀត ក្នុងបន្ទប់ជាមួយគ្នានៅខាងក្នុងមន្ទីរពេទ្យ Mannheim ប្រទេសអាល្លឺម៉ង់ ដោយសារតែនាងខឹងនឹងសំឡេងរំខាន់របស់វា។

បន្ទាប់ពីស្ត្រីរូបនោះបានប្រព្រឹត្តនូវបទល្មើសរហូតបណ្តាលឱ្យអ្នកជំងឺស្រីអាយុ ៧៩ ឆ្នាំមានបញ្ហាយ៉ាងធ្ងន់ធ្ងរ ហើយគិលានុបដ្ឋាយិកាបានប្រញាប់ប្រញាល់ជួយសង្គ្រោះជីវិតអ្នកជំងឺឱ្យរួចផុតពីវិបត្តិ ហើយស្ត្រីរងគ្រោះនាងនៅតែត្រូវស្ថិតក្រោមការមើលថែរបស់វេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកាយ៉ាងជិតស្និទ្ធ និងយកចិត្តទុកដាក់។

គួរបញ្ជាក់ថាជនជាប់ចោទត្រូវបានគេរាយការណ៍ថា ទង្វើបទល្មើសនេះជនបង្កមិនមែនធ្វើតែម្ដងនោះទេ ដោយគាត់បានព្យាយាមបិទបំពង់ខ្យល់ របស់អ្នកជំងឺអាយុ ៧៩ ឆ្នាំម្តងហើយម្ដងទៀត ដោយលើកទីមួយ ពេទ្យ និងគិលានុបដ្ឋាយិកាបានព្យាយាមពន្យល់នាងថា បំពង់ខ្យល់មានសារៈសំខាន់ខ្លាំងណាស់ចំពោះអ្នកជំងឺម្នាក់ទៀត ហើយហាមនាងបិទម៉ាស៊ីនរបស់គេ ប៉ុន្តែនៅល្ងាចថ្ងៃដដែលនោះជនបង្កក៏បានប្រព្រឹត្តម្តងទៀត ដោយអះអាងថាវាបានផ្ដល់សំលេងរំខានចេញពីម៉ាស៊ីនអុកស៊ីហ្សែន។

ទោះជាយ៉ាងណា ជាបឋម ជនជាប់ចោទត្រូវបានគេនាំខ្លួនទៅកាន់តុលាការពីបទប៉ុនប៉ងមនុស្សឃាត ហើយនឹងត្រូវបានគេចាប់ឃុំខ្លួនជាបណ្ដោះអាសន្ន រង់ចាំការស៊ើបអង្កេតបន្តទៀត៕ ប្រភព៖ Thairath