រាជធានីភ្នំពេញ ថ្ងៃសុក្រ ៩កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ បរធនបាលកិច្ចហិរញ្ញវត្ថុ អេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់ ដែលជាភាគហ៊ុនិកធំជាងគេរបស់ធនាគារ អេស៊ីលីដា បានប្រកាសជាផ្លូវការនៅថ្ងៃនេះថា និយ័តករពាក់ព័ន្ធ និងក្រសួងពាណិជ្ជកម្មបានអនុម័ត និងចុះបញ្ជីការវិនិយោគរបស់អេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់ នៅវិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា ដើម្បីកាន់កាប់ភាគហ៊ុនចំនួន ៦.០៤៧.០៤៦ភាគហ៊ុន ស្មើនឹង ២៣,៣៩១០% នៃភាគហ៊ុនសរុបរបស់ វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ធនាគារ អេស៊ីលីដា។

បណ្ឌិត អ៊ិន ចាន់នី ប្រធានក្រុមប្រឹក្សាបរធនបាល អេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់ បានមានប្រសាសន៍ថា ការវិនិយោគរបស់ អេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់ នៅ វិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា គឺមានសក្តានុពលពាណិជ្ជកម្មខ្លាំងរយៈពេលវែង ដូចគ្នានឹងការវិនិយោគនៅក្នុងវិស័យផ្សេងៗ ដែរ។ មិនតែប៉ុណ្ណោះ វិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា អាចឆ្លើយតបគ្រប់តម្រូវការ សម្រាប់ធុរកិច្ចជនគ្រប់វិស័យ ក្នុងការធ្វើពាណិជ្ជកម្មទាំងក្នុង និងក្រៅប្រទេស ។

បណ្ឌិត ផុន ណារិន នាយក វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា បានមានប្រសាសន៍ថា វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា កាន់កាប់អគារផ្ទាល់ខ្លួន មានលក្ខណៈស្តង់ដារ និងធំទូលាយ “ជាថ្នាលអប់រំដើម្បីភាពជោគជ័យក្នុងអាជីព” មានមោទនភាពយ៉ាងក្រៃលែង ដែលមានធនាគារ អេស៊ីលីដា ភីអិលស៊ី ជាក្រុមហ៊ុនមេ បានវិនិយោគក្នុងវិស័យអប់រំកម្រិតឧត្តមសិក្សា ដោយឈរលើបទពិសោធន៍ជោគជ័យរបស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី នូវក្រមសីលធម៌ និងជំនាញវិជ្ជាជីវៈ ស្របតាមអនុសាសន៍របស់ បណ្ឌិត អ៊ិន ចាន់នី “ការហ្វឹកហ្វឺនជាកត្តាអាទិភាពទី១ ដើមទុនជាកត្តាអាទិភាពបន្ទាប់”។ អេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់ ដែលជាភាគហ៊ុនស្ថាបនិកដ៏មានសក្តានុពលធំមួយ តាំងពីចាប់ផ្តើមបង្កើត អេស៊ីលីដា និងបានរួមចំណែកបង្កើតភាពជោគជ័យជាច្រើនដល់ ធនាគារ អេស៊ីលីដា ភីអិលស៊ី បច្ចុប្បន្ន បានក្លាយជាភាគហ៊ុនិករបស់ វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា។ អេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់ នឹងគាំទ្រដល់វិទ្យាស្ថាននៅក្នុងអភិបាលកិច្ចសាជីវកម្ម ដើម្បីកសាងកេរ្តិ៍ឈ្មោះឱ្យកាន់តែរឹងមាំ ពង្រឹងសមត្ថភាពសាស្រ្តាចារ្យ និងនិស្សិត តាមរយៈការដឹកនាំដោយផ្ទាល់ ពីតំណាងរបស់ខ្លួននៅក្នុងក្រុមប្រឹក្សាភិបាលរបស់ វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា និងគាំទ្រដល់ វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា ដើម្បីសម្រេចបាននូវចក្ខុវិស័យ និងបេសកកម្មរបស់ខ្លួន នៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។

អំពីវិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា

វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី ត្រូវបានបង្កើតឡើងក្រោមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការផ្តល់សេវាកម្មអប់រំឧត្តមសិក្សា ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជូនដល់និស្សិត និងការបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ជូនសិក្ខាកាមជាតិ និងអន្តរជាតិ។ គិតត្រឹមដំណាច់ខែវិច្ឆិកា ឆ្នាំ២០២២នេះ វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា មាននិស្សិតសរុបចំនួន ២.៣៥៧នាក់ កំពុងសិក្សា និងនិស្សិតសរុបចំនួន ៧៨៣នាក់ បានបញ្ចប់ការសិក្សាដោយជោគជ័យ។ ទន្ទឹមនឹងនេះ វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា បានផ្តល់ការអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈដល់កម្មករនិយោជិតធនាគារ អេស៊ីលីដា និងក្រុមហ៊ុនបុត្រសម្ព័ន្ធ សរុបចំនួន៧២.៩៩៨វគ្គ និងមានសិក្ខាកាមសរុបចំនួន ៨៣៤.៥៥៦នាក់ ហើយសិក្ខាកាមសរុបចំនួន ១៩.៦៥៥នាក់ មកពីស្ថាប័នខាងក្រៅ ទាំងក្នុង និងក្រៅប្រទេស បានចូលរួមវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ នៅ វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា។