ភ្នំពេញ៖ ធនាគារអេស៊ីដា ដែលជាធនាគារពាណិជ្ជធំជាងគេមួយនៅកម្ពុជា បានចុះព្រមព្រៀងជាមួយនិយ័តករមូលបត្រកម្ពុជា ស្តីពីការប្រើប្រាស់សេវាទូទាត់ប្រាក់ តាមប្រព័ន្ធអេឡិចត្រូនិកសម្រាប់ការបង់ថ្លៃសេវាស្នើសុំលេខអត្តសញ្ញាណ វិនិយោគិនតាមអនឡាញ ដើម្បីជំរុញ និងបង្កើន ឱកាសបន្ថែមដល់គ្រប់វិនិយោគិនទាំងអស់ទាំងក្នុង និងក្រៅប្រទេស ដែលចាប់អារម្មណ៍វិនិយោគ ក្នុងផ្សារមូលបត្រនៅកម្ពុជា​។​

ថ្លែងក្នុងពិធីចុះកិច្ចព្រមព្រៀងនាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២នេះ លោកស្រី ម៉ារ អមរា ប្រធាននាយកប្រតិបត្តិស្តីទី ធនាគារ អេស៊ីលីដា ភីអិលស៊ី​ បានថ្លែងថា ​តាមរយៈកិច្ចព្រមព្រៀងនេះ វិនិយោគិនដែលមានបំណងចាប់ផ្ដើមការវិនិយោគ នៅក្នុងផ្សារមូលបត្រកម្ពុជា អាចបង់ថ្លៃសេវាស្នើសុំលេខអត្តសញ្ញាណវិនិយោគិនតាមរយៈ ACLEDA Mobile និងប្រព័ន្ធ X-Pay និងប័ណ្ណអន្តរជាតិមានដូចជា VISA, Master Card, Diners, JCB, និង UPI Card។

លោកស្រីបន្តថា «ដោយការវិនិយោគវិស័យមូលបត្រ ក្នុងផ្សារមូលបត្រកម្ពុជា មានកំណើនគួរឱ្យកត់សម្គាល់ ហើយដើម្បីបង្កើនទំនុកចិត្ត និងបង្កភាពងាយស្រួលដល់វិនិយោគិន ក្នុងការបង់ថ្លៃសេវាស្នើសុំលេខអត្តសញ្ញាណវិនិយោគិន ដូច្នេះធនាគារ អេស៊ីលីដា និង និយ័តករមូលបត្រកម្ពុជា ឯកភាពគ្នាឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការប្រើប្រាស់ សេវាទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក សម្រាប់ការបង់ថ្លៃសេវាស្នើសុំលេខអត្តសញ្ញាណវិនិយោគិន តាមអនឡាញ»

លោកស្របន្ថែមថា ​ធនាគារ អេស៊ីលីដា តែងតែយកចិត្តទុកដាក់ក្នុងការបម្រើអតិថិជន ដោយបានធ្វើពិពិធកម្មផលិតផល-សេវាកម្មធនាគារ និងហិរញ្ញវត្ថុយ៉ាងសម្បូរបែប ក៏ដូចជាការអភិវឌ្ឍប្រព័ន្ធធនាគារអេឡិចត្រូនិក និងប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុឌីជីថល ដើម្បីបំពេញតម្រូវការរបស់អតិថិជន និងចូលរួមចំណែកអភិវឌ្ឍទីផ្សារមូលបត្រកម្ពុជា ឱ្យកាន់តែសកម្ម និងរស់រវើក។



លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា ​ការចុះ MOU ​រវាងនិយ័តករមូលបត្រកម្ពុជា និងធនាគារ អេស៊ីលីដា នាពេលនេះ នឹងជំរុញឱ្យការផ្តល់លេខអត្តសញ្ញាណ​វិនិយោគិន កាន់តែលឿន និងជំរុញឱកាសវិនិយោគិន ដែលចង់វិនិយោគក្នុងផ្សារមូលបត្រ បានកាន់តែឆាប់រហ័ស និងទាក់ទាញវិនិយោគិនពីក្រៅប្រទេសផងដែរ។ ចំណែកអត្តសញ្ញាណវិនិយោគ គណៈកម្មការមូលបត្រកម្ពុជានឹងផ្តល់ជូនទៅតាមអនឡាញផងដែរ។

​លោកបន្តថា «ការងារនេះនឹងជំរុញ និងបង្កើន ឱកាសដល់គ្រប់វិនិយោគិនទាំងអស់ ជាពិសេសអ្នកនៅតាមបណ្តាខេត្តទាំងអស់ នៅក្នុងប្រទេសកម្ពុជា និងពីក្រៅប្រទេស ឱ្យមកវិនិយោគនៅក្នុងផ្សារមូលបត្រ»