បរទេស៖ អាជ្ញាធរឈីលីបានបញ្ជាឱ្យមានការស៊ើបអង្កេតជាបន្ទាន់មួយ បន្ទាប់ពីមេរោគរលាកថ្លើមប្រភេទ A ត្រូវបានគេរកឃើញនៅក្នុងផ្លែរ៉ាសប័ររី (Raspberries) ដែលនាំចេញទៅកាន់សហរដ្ឋអាមេរិក។

កាលពីពេលថ្មីៗនេះការធ្វើតេស្តរបស់រដ្ឋបាលចំណីអាហារ និងឱសថរបស់សហរដ្ឋអាមេរិក (FDA) បានរកឃើញវត្តមាននៃជំងឺរលាកថ្លើមប្រភេទ A នៅក្នុងម៉ាក James Farm ដែលបង្កកឡើងពីផ្លែឈើរ៉ាសប័ររី ដែលនាំចូលមកពីប្រទេសឈីលី មកកាន់អាមេរិកខាងត្បូង។

យោងតាម  FDA ក្រុមហ៊ុន Exportadora Copramar របស់ឈីលីកំពុងប្រមូលមកវិញនូវផ្លែរ៉ាសប័ររី ចំនួន ១,២៦០ ប្រអប់ ដែលត្រូវបានវេចខ្ចប់ក្នុងប្រអប់ក្រដាសកាតុងធ្វើជាកេសម៉ាក James Farm ហើយត្រូវបានលក់ផ្តាច់មុខនៅទីតាំងជាច្រើនកន្លែងក្នុងទីក្រុង New York។

យ៉ាងណាមិញនាយក SAG លោក Andrea Collado បានប្រាប់ថា សេវាកសិកម្ម និងបសុសត្វ (SAG) កំពុងបញ្ជាឱ្យធ្វើសវនកម្មរបស់ក្រុមហ៊ុន ដោយបន្ថែមថា ការស៊ើបអង្កេតអាចនាំឱ្យមានការដាក់ទណ្ឌកម្មចំពោះបញ្ហានៃជំងឺនេះ។

បន្ថែមពីនោះគេបាននិយាយថាញ្ហានេះអាចកើតឡើងដោយថាមេរោគអាចត្រូវបានឆ្លងទៅផ្លែរ៉ាសប័ររីនៅចំណុចផ្សេងៗ ក្នុងខ្សែសង្វាក់នៃការផ្គត់ផ្គង់ នេះរាប់បញ្ចូលទាំងកម្មករដែលអាចមានផ្ទុកមេរោគថ្លើម  ទឹកកខ្វក់ ឬផ្ទៃទំនាក់ទំនងអាហារដែលមានមេរោគជាដើម។

ទោះជាយ៉ាងណារដ្ឋមន្ត្រីក្រសួងកសិកម្មឈីលី លោក Esteban Valenzuela បាននិយាយថា នឹងមិនមានការបញ្ឈប់ ឬផ្អាកការនាំចូល និងការនាំចេញផ្លែ រ៉ាសប័ររី រវាងប្រទេសទាំងពីរឡើយ។ លុះត្រាតែរកឃើញនៃប្រភពចម្លងជំងឺជាក់លាក់ថាជាកំហុសអ្នកណា ដោយខាងមន្ត្រីពាក់ព័ន្ធកំពុងតែធ្វើការស៊ើបអង្កេតបន្ត៕ ប្រភព៖ cbs4indy