ប្រទេសថៃ៖ ​ទិដ្ឋភាពនៃសមុទ្រអ័ព្ទក្នុងតំបន់ភ្នំ Gloucelo ដែលជាកន្លែងទេសចរណ៍ដ៏ល្បី និងជាទីតាំងសម្សាន្តដ៏ពេញនិយមសម្រាប់អ្នកទេសចរមកពីគ្រប់ទិសទី ដែលចង់មកទទួលយកនូវបទពិសោធថ្មីៗជាមួយនឹងសមុទ្រអ័ព្ទនៅលើកំពូលភ្នំហាក់ដូចជាឋានសួគ៌។

តំបន់ Gloucelo ជាតំបន់ភ្នំដែលមានទេសភាពដ៏ស្រស់ស្អាត ​មានទីតាំងស្ថិតនៅភូមិ Gloucelo ឃុំមេសំឡាប ស្រុកសូប ម៉ី ខេត្តមេហុងសឺន នៅលើនេះមានចំណុចនៃទេសភាពដ៏អស្ចារ្យដោយមានសមុទ្រអ័ព្ទដ៏ស្រស់ស្អាតបំផុតគ្មានពីរ និងកំពុងល្បីក្នុងពិភពសង្គមនារដូវរងារនេះ។

តំបន់ Gloucelo គឺជាភូមិព្រំដែនតូចមួយដែលស្ងប់ស្ងាត់ និងត្រូវបានសាងសង់ឡើងតាមយុទ្ធសាស្ត្រសន្តិសុខព្រំដែន។ បរិយាកាសនៅទីនេះហុំព័ទ្ធជុំវិញដោយភ្នំ និងសមុទ្រអ័ព្ទដ៏ក្រាស់។ ចំណុចដែលអាចឱ្យអ្នកមើលសមុទ្រអ័ព្ទបានយ៉ាងច្បាស់និងស្រស់ស្អាតជាចំណុចលើភ្នំនៃតំបន់ Gloucelo  ឬអាចហៅបានថាសមុទ្រអ័ព្ទមកពី ២ ចំណុចផ្សេងគ្នា ព្រោះម្ខាងទៀតគឺ ជាប្រទេសមីយ៉ាន់ម៉ា ដែលមានមានសមុទ្រអ័ព្ទដ៏អស្ចារ្យមិនខុសគ្នានោះទេ ដែលធ្វើឲ្យអ្នកបានទៅឃើញដោយផ្ទាល់ភ្នែក ពិតជាចាប់អារម្មណ៍ខ្លាំង និងមិនអាចបំភ្លេចបាន។

ប៉ុន្តែលក្ខខណ្ឌនៅលើផ្លូវទៅកាន់ Gloucelo មិនស្រួលប៉ុន្មានទេ អាចនិយាយបានថាជាផ្លូវលំបាកគួរសមព្រោះជាច្រាំងថ្មចោទ។ នេះជាហេតុផលមួយទៀតដែល Gloucelo ក៏ជាកន្លែងទាក់ទាញពិសេសសម្រាប់អ្នកទេសចរ ឬអ្នកជិះម៉ូតូផ្សងព្រេង ជ្រើសមកទទួលយកនូវបទពិសោធដ៏ប្លែក។

យ៉ាងណាមិញសម្រាប់តំបន់ Gloucelo មានចម្ងាយប្រហែល ៣ គីឡូម៉ែត្រពីភូមិ Gloucelo តំបន់នេះជា កន្លែងមើលទេសភាព និងកន្លែងបោះជំរុំ បើទោះបីទីនោះមិនមានគ្រឿងបរិក្ខារ គ្មានបន្ទប់ទឹក គ្មានភ្លើង គ្មានសេវាទូរសព្ទ  ប៉ុន្តែទិដ្ឋភាពសមុទ្រអ័ព្ទនៅទីនេះគឺស្រស់ស្អាត និង អស្ចារ្យណាស់ ស្ថានភាពព្រៃឈើនៅតំបន់ជាប់ព្រំប្រទល់ប្រទេសមីយ៉ាន់ម៉ា យ៉ាងខៀវខ្ចី មានសន្សើមត្រជាក់ ដូច្នេះហើយទើបមានអាកាសធាតុសមរម្យសម្រាប់ការមានសមុទ្រអ័ព្ទ ដូច្នេះមិនថាផ្លូវលំបាកយ៉ាងណាទេ អ្នកដំណើរដែលចូលចិត្តផ្សងព្រេងបានត្រៀមខ្លួនរួចជាស្រេចដើម្បីឆ្លងកាត់ការលំបាកទាំងអស់សម្រាប់ការមកមើលទេសភាពដ៏ស្រស់ស្អាតនៅទីនេះ៕ ប្រភព៖ Mgronline

អត្ថបទដោយ៖ យិត ម៉ានិល