ប្រទេសជប៉ុន៖ ជប៉ុនបានធ្វើវិសោធនកម្មច្បាប់ដើម្បីអនុញ្ញាតឱ្យប្រៃសណីយ៍ជប៉ុនប្រើប្រាស់ ដ្រូន(Drone) ក្នុងការដឹកជញ្ជូនទំនិញដល់ពលរដ្ឋទូទាំងប្រទេស ដោយសេវាកម្មនេះនឹងចាប់ផ្តើមនៅតំបន់ភ្នំ និងកោះជាមុនសិន។

នាថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០២២នេះ គេហទំព័រក្នុងស្រុកមួយបានចេញផ្សាយបញ្ជាក់អំពីព័ត៍មានទាន់ហេតុការណ៍នៅប្រទេសជប៉ុន ដោយរដ្ឋាភិបាលជប៉ុនបានធ្វើវិសោធនកម្មច្បាប់របស់ខ្លួនដើម្បីអនុញ្ញាតឱ្យមានការប្រើបា្រស់ ដ្រូនខ្នាតធំ បើកលើសពីខ្សែបន្ទាត់នៃការមើលឃើញរបស់ប្រតិបត្តិករលើតំបន់ដែលមានប្រជាជន។

ក្នុងនោះបន្ទាប់ពីមានច្បាប់នៃការហោះហើរដ្រូនត្រូវបានបន្ធូរបន្ថយ សេវាប្រៃសណីយ៍ ចាប ភិន ផុស(Japan Post) ដែលមានទូទាំងប្រទេស ក៏បានចាប់ផ្ដើមធ្វើការបង្ហាញ អំពីដ្រូនរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍មួយនាទីក្រុងតូក្យូ។ ដោយការដាក់បង្ហាញនេះក្នុងគោលបំណងដ៏អស្ចារ្យ និងបង្ហាញពីភាពជឿនលឿន បន្ទាប់ពីក្រុមហ៊ុនប្រៃសណីយ៍ ចាប ភិន ផុស(Japan Post) បានបញ្ជាក់ថាខ្លួន នឹងចាប់ផ្តើមប្រើប្រាស់យន្តហោះគ្មានមនុស្សបើកឬ “ដ្រូនខ្នាតធំ” សម្រាប់ប្រើប្រាស់ការដឹកជញ្ជូនទំនិញទៅកាន់អតិថិជន ចាប់ពីខែមេសាឆ្នាំក្រោយនេះ។

បន្ថែមពីនោះ ចាប ភិន ផុស(Japan Post) ក៏បាននិយាយបន្ថែមថា ដ្រូន នេះមានចំណុចពិសេសដែលនឹងអាចមានសមត្ថភាពលើកទំនិញបាន ៥ គីឡូក្រាម និងហោះហើរបានចម្ងាយ ៣៥ គីឡូម៉ែត្រ ហើយដឹកជញ្ជូនបានលឿន និងថោកជាងមុន។

យ៉ាងណាមិញ ក្រុមហ៊ុនប្រៃសណីយ៍ ចាប ភិន ផុស(Japan Post) បញ្ជាក់ថា គម្រោងនេះនឹងចាប់ផ្តើមប្រតិបត្តិការនៅតាមតំបន់ភ្នំ និងនៅលើកោះជាលើកដំបូងសិន ដោយសារតំបន់អស់ទាំងនេះមានការខ្វះខាតយ៉ាង ខ្លាំងសម្រាប់សេវាកម្មដឹកជញ្ជូនទៅកាន់អតិថិជននៅទីនោះ៕ ប្រភព៖ Dailynews

អត្ថបទដោយ៖ យិត ម៉ានិល