បរទេស៖ ប្រទេសប៉េរូបានបញ្ជាឱ្យបិទឆ្នេរជាច្រើនកន្លែងនៅភាគខាងលិចនៃប្រទេស ក្រោយរកឃើញពីការផ្ទុះឡើងយ៉ាងខ្លាំងនៃជំងឺគ្រុនផ្តាសាយបក្សី រហូតបណ្ដាលឱ្យសត្វស្លាបសមុទ្រងាប់រាប់ម៉ឺនក្បាល។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក របស់ប៉េរូ បានរាយការណ៍ថានៅថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២២ អាជ្ញាធរនៃប្រទេសប៉េរូបានបញ្ជាឱ្យបិទឆ្នេរទេសចរណ៍ជាច្រើនជាបណ្ដោះអាសន្ននៅភាគខាងលិចនៃប្រទេសបន្ទាប់ពីការផ្ទុះឡើងនៃជំងឺគ្រុនផ្តាសាយបក្សី ហើយសត្វស្លាបសមុទ្រ ៨០,០០០-៩០,០០០ ក្បាលបានស្លាប់នៅតាមបណ្តោយឆ្នេរ រហូតអាជ្ញាធរត្រូវប្រញាប់ប្រញាល់ធ្វើការសម្អាត សាកសព និងគ្រោងឆ្អឹងសត្វស្លាប ដើម្បីបំផ្លាញ និងគ្រប់គ្រងការសម្លាប់មេរោគនៅតាមតំបន់ឆ្នេរ។

ជាមួយគ្នានោះអភិបាលក្រុង Miraflores លោក Luis Molina បាននិយាយថា ឆ្នេរនឹងត្រូវបិទជាបណ្តោះអាសន្នសិន ដោយភ្ញៀវទេសចរដែលធ្លាប់ទៅហាលថ្ងៃ ឬហែលទឹកលេងនឹងមិនអាចចូលទៅក្នុងតំបន់នេះបានទេ លើកលែងតែអ្នកជិះទូកលេងប៉ុណ្ណោះ។

វិធានការនេះអនុវត្តរហូតដល់អាជ្ញាធរ បោសសម្អាតគ្រោងឆ្អឹងបក្សី និង សម្លាប់មេរោគតាមតំបន់ឆ្នេរឱ្យមានសុវត្តិភាព។

គួរបញ្ជាក់ថា មុននឹងសត្វស្លាបបានស្លាប់កាន់តែច្រើនរហូតដល់រាប់ម៉ឺនក្បាលនេះ វាបានឆ្លងជំងឺគ្រុនផ្តាសាយបក្សី និងរីករាលដាលពាសពេញឆ្នេរតាំងពីសប្តាហ៍មុនមកម្លេះ៕ ប្រភព៖ Thairath