សុខភាព៖ មិត្តៗនារីណាដែលកំពុងតែធ្វើការសម្រកទម្ងន់ ហើយចង់កាត់បន្ថយបរិមាណអាហារសម្រាប់រាងកាយដោយមិនប៉ះពាល់សុខភាព។

ថ្ងៃនេះសូមណែនាំអាហារ៦មុខដែលសំបូរទៅដោយសារធាតុចិញ្ចឹមមានប្រយោជន៍ជាច្រើន វាក៏ជួយបំបាត់ភាពស្រេកឃ្លានបានយ៉ាងល្អ ដោយគ្រាន់តែទទួលទានតែបន្តិចក៏មានអារម្មណ៍ថាឆ្អែត។

១. ផ្លែប៉ោម

ផ្លែប៉ោមសម្បូរទៅដោយសារធាតុ Rectin និងជាតិសរសៃរលាយ ដូច្នេះវាអាចជួយឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយ៉ាងងាយស្រួល និងជួយឱ្យរាងកាយមានអារម្មណ៍ឆ្អែតបានយូរ លើសពីនេះ ផ្លែប៉ោមជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម ក៏ដូចជាជួយបង្កើនថាមពលក្នុងរាងកាយផងដែរ។

២ . ដំឡូងជ្វា

ដំឡូងជ្វាសម្បូរទៅដោយកាបូអ៊ីដ្រាតពិសេស ដែលមានសមត្ថភាពជួយបន្សាបអង់ស៊ីមរំលាយអាហារ ដូច្នេះហើយបានជាជួយឱ្យបម្រុងក្នុងក្រពះបានយូរ ហើយវាជួយឱ្យមានអារម្មណ៍ឆ្អែតបានយូរ។ ដូច្នេះហើយវាមិនចម្លែកទេដែលដំឡូងជួយបំបាត់ភាពឃ្លាន ក៏ដូចជាជួយកាត់បន្ថយការចង់ទទួលទានអាហារផ្ដេសផ្ដាស់ មិនតែប៉ុណ្ណោះដំឡូងជ្វាក៏សម្បូរវីតាមីន A និង វីតាមីន C ផងដែរ ដែលជាវីតាមីនសំខាន់សម្រាប់រាងកាយ។

៣. គ្រាប់អាល់ម៉ុន

អាល់ម៉ុនសម្បូរទៅដោយវីតាមីន E ម៉ាញ៉េស្យូម និងសារធាតុប្រឆាំងអុកស៊ីតកម្ម សារធាតុចិញ្ចឹមទាំងនេះជួយទប់ស្កាត់ការឃ្លានបានយ៉ាងល្អ។ មិនតែប៉ុណ្ណោះវាមានជាតិសរសៃ ថាមពល និងខ្លាញ់ដែលមានសុខភាពល្អ សារធាតុចិញ្ចឹមដែលបង្កើនអារម្មណ៍នៃភាពឆ្អែត ក៏ដូចជាជួយគ្រប់គ្រងទម្ងន់បានយ៉ាងល្អផងដែរ។

៤. ស្រូវសាឡី

ស្រូវសាឡីមានជាតិកាបូអ៊ីដ្រាតខ្ពស់ និងកាបូអ៊ីដ្រាតសរសៃផងដែរ កាបូអ៊ីដ្រាតប្រភេទនេះត្រូវបានរំលាយយឺតៗ ដោយរាងកាយ។ ដូច្នេះធ្វើឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ ដូច្នេះហើយវាបានជួយ កាត់បន្ថយការឃ្លានអាហារផ្សេងទៀតបានយ៉ាងមានប្រសិទ្ធភាព។ ដោយអ្នកមិនចាំបាច់បង្ខំរាងកាយរបស់អ្នកតាមមធ្យោបាយណាមួយក្នុងការសម្រកទម្ងន់ឡើយ។ សំខាន់ជាងនេះទៅទៀត ស្រូវសាឡីក៏មានសមត្ថភាពជួយទប់ស្កាត់អ័រម៉ូន Ghrelin ឬអ័រម៉ូនស្រេកឃ្លានផងដែរ។

៥. តៅហ៊ូ

តៅហ៊ូជាប្រភពប្រូតេអ៊ីនពីរុក្ខជាតិ វាសំបូរទៅដោយ Isoflavones ដែលជាសារធាតុជួយកាត់បន្ថយការឃ្លាន និងកាត់បន្ថយការទទួលទានអាហារប្រភេទផ្សេងទៀត។ អ្នកគួរតែបន្ថែមតៅហ៊ូទៅក្នុងអាហាររបស់អ្នកដូចជា ស្ងោរ ឬឆា។ នោះវានឹងជួយឱ្យអ្នក ឆ្អែតបានយូរ ក៏ដូចជាកាត់បន្ថយការបរិភោគច្រើនផងដែរ។

៦. ស៊ុត

មានការសិក្សាពីសាកលវិទ្យាល័យ Louisiana នៃសហរដ្ឋអាមេរិក បានរកឃើញថាការទទួលទានស៊ុត ១-២ សម្រាប់អាហារពេលព្រឹក វានឹងជួយឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ ដោយសារតែស៊ុតសម្បូរទៅដោយប្រូតេអ៊ីន សារធាតុរ៉ែ និងវីតាមីនផ្សេងៗ។ ដូច្នេះប្រសិនបើនារីៗ ចង់កាត់បន្ថយការទទួលទានអាហារផ្សេងៗច្រើន ឬចង់កាត់បន្ថយការទទួលទាន គួរតែទទួលទានស៊ុតសម្រាប់អាហារពេលព្រឹកជារៀងរាល់ថ្ងៃ៕ ប្រភព៖ Sanook