សហគមន៍អេកូ–ទេសចរណ៍កោះសាមសិប ចម្ងាយ ៩៥គ.ម ពីខេត្តក្រចេះ។ សហគមន៍អេកូទេសចរណ៍កោះសាមសិប ត្រូវបាបានផ្តួចផ្តើមបង្កើតឡើងនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦ និងត្រូវបានបោះឆ្នោតជ្រើសរើសគណៈកម្មការដឹកនាំសហគមន៍នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨​ ក្រោមការសម្របសម្រួលដោយ​ អង្គការកម្មវិធីផ្លាស់ប្តូរអនុផលព្រៃឈើកម្ពុជា (NTFP-EP) នឹងមានកិច្ចសហការពីអាជ្ញាធរឃុំ និងមន្ទីរទេសចរណ៍ខេត្តក្រចេះ ក្រោមកម្មវិធីដៃគូលើវិស័យព្រៃឈើ និងជលផល (PaFF) និងគាំទ្រថវិកាដោយទីភ្នាក់ងារសហប្រតបត្តិការស្វីសដើម្បីការអភិវឌ្ឍន៍ (SDC)។

សហគមន៍អេកូទេសចរណ៍កោះសាមសិបបង្កើតឡើងដោយផ្អែកទៅលើធនធានសក្តានុពលរបស់សហគមន៍ព្រៃឈើ និងសហគមន៍នេសាទខ្សាច់លាវ កោះខ្ញែរ និងពន្ធជា។ ​សហគមន៍នេះ សំបូរទៅដោយព្រៃឈើជាច្រើនប្រភេទរជា​​ប្រភេទ ដែលជាប្រភេទ​ព្រៃរបោះ និងពាក់កណ្តាលស្រោង ដែលជាជម្រក​សត្វព្រៃដ៍សំខាន់ដូចជា សត្វខ្ទីង ប្រើស ជ្រូកព្រៃ ក្ងោក​​ ត្មាត​ត្រយ៉ងចំកំកស និងសម្បូរទៅដោយសត្វស្លាបរាប់រយប្រភេទ និងត្រីដ៏សម្បូរបែប។ ចំណែកក្នុងដែនសហគមន៍នេសាទទាំងបីវិញ សំបូរដោយអន្លង់ទឹកជ្រៅ ទឹកជួរ សំបូរកោះ នឹងព្រៃលិចទឹកដែលជាជម្រកត្រីពងកូនដ៏សំខាន់។

ជារួមក្នុងក្នុងតំបន់នេះសំបូរ ទៅដោយធនធានធម្មជាតិដូចជា ព្រៃឈើ ទន្លេ ព្រែក អូរ សត្វព្រៃ សត្វស្លាប និងត្រីជាច្រើនប្រភេទដែលរស់នៅក្នុងទន្លេមេគង្គ។ ចំណែកឯធនធានវប្បធម៌វិញមានដូចជា ពិធីបុណ្យចូលឆ្នាំ ពិធីសែនព្រេន ឡើងអ្នកតា ភ្លេងបុរាណ មន្តអាគម និងអាពាហ៍ពិពាហ៍ជាដើម និងប្រពៃណីជនជានដើមភាគតិច។ ក្រៅពីនេះប្រជាជនក្នុងតំបន់នេះមានវប្បធម៌ដ៏ល្អ គឺការចេះជួយគ្នាទៅវិញទៅមក មិនប្រកាន់បក្សពួក រួសរាយរាក់ទាក់ភ្ញៀវ មានសុជីវធម៌ មិនកេងបន្លំគ្នាដែលជាគំរូដ៏ល្អ។

ទេសចរអាចជិះទូកមើលសត្វស្លាបច្រើនប្រភេទ  បោះតង់នៅលើកោះដែលរៀបចំដោយប្រធានសហគមន៍ មើលទេសភាពថ្ងៃលិចតាមមាត់ទន្លេរ និងពិសារអាហារដែលរៀបចំដោយប្រជាសហគមន៍ និងមានផ្ទះស្នាក់សហគមន៍ផងដែរ៕