ប្រទេសថៃ៖ ក្រុមបសុសត្វបានវាយឆ្មក់ទីតាំងដ៏ធំមួយកន្លែងដែលបានប្រើសារធាតុ ហ្វ ម៉ាលីន(formalin) ត្រាំបង្កកសាច់សត្វជាច្រើនប្រភេទមានទម្ងន់ ២៥,០០០ គីឡូក្រាម តម្លៃ ជាង ៥ លាន បាតនៅតំបន់ឈុនបុរី នៃប្រទេសថៃ។

កាលពីថ្ងៃទី ២ ខែធ្នូ ឆ្នាំ២០២២កន្លងទៅនេះ នាយកដ្ឋានអភិវឌ្ឍន៍បសុសត្វ បានបញ្ជូនមន្ត្រីជំនាញ វាយឆ្មក់ចូលឆែកឆេរកន្លែងនៃប្រភពផលិតវត្ថុធាតុដើមខុសច្បាប់មួយកន្លែង នៅចំណុចឃុំ Bowin ស្រុក Sriracha ខេត្ត Chonburi។

ការចុះឆែកធេរនេះផងដែរគឺធ្វើឡើងក្រោយពីបានទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋថា មានទីតាំងផ្គត់ផ្គង់សាច់ផលិតដោយខុសច្បាប់មួយកន្លែង ព្រមទាំងគ្មានការអនុញ្ញាត និងខ្លាចបង្កឆ្លងជាជំងឺដល់សត្វ និងមនុស្សធ្ងន់ធ្ងរបន្ទាប់ពីទទួលទាន។

ទោះជាយ៉ាងណាជាលទ្ធផលនៃការចុះត្រួតពិនិត្យរបស់មន្ត្រីបានរកឃើញថាការ បង្កើតទីតាំងគ្មានការអនុញ្ញាតឱ្យផលិតអាហារ  មិនមានអាជ្ញាប័ណ្ណជួញដូរសាច់សត្វ  មិនមានឯកសារដឹកជញ្ជូនសាច់សត្វ  និងមិនមានលិខិតបញ្ជាក់ការលក់សាច់  ដែលនេះជាបទល្មើសតាមបញ្ញត្តិច្បាប់។

លើសពីនេះគេ​បានរកឃើញមានបំណែកសាច់សត្វជាច្រើនប្រភេទត្រាំក្នុងធុងទឹកលាយសារធាតុ ហ្វ ម៉ាលីន ដែលជាសារធាតុ បំផ្លាញសុខភាពសម្រាប់អ្នកប្រើប្រាស់ ហើយវាមានហានិភ័យនៃការរីករាលដាលនៃជំងឺរាតត្បាតធ្ងន់ធ្ងរដូចជា ជំងឺប៉េស្តជ្រូកអាហ្វ្រិក និងជំងឺពងបែកមាត់ជាដើម។

បន្ថែមពីនោះគេបានរកឃើញសារធាតុគីមី រួមទាំងសារធាតុ ហ្វម៉ាលីន  សូដា Caustic និងអ៊ីដ្រូសែន Peroxide ដែលត្រូវបានប្រើប្រាស់ក្នុងដំណើរការផលិត លើសាច់គោ ឆ្អឹងគោ  ក្របី និងសាច់ជ្រូក ឆ្អឹងជ្រូក ជើងមាន់ ទាជាដើម។

ជាមួយគ្នានោះប្រភពដដែលបានបញ្ជាក់ថាសាច់ដែលត្រូវបានគេរឹបអូសនោះមានទម្ងន់សរុប ២៥,០០០គីឡូក្រាម មានតម្លៃជាង ៥លានបាត ហើយគោលដៅដែលតែងតែបញ្ជូនសាច់ទៅលក់នៅ Moo Kratha និង ភោជនីយដ្ឋានភាគឦសាន ជាង ៦៦ កន្លែងនៅតំបន់ក្បែរនោះ និងខេត្តជិតខាងផ្សេងៗទៀត។

ទោះជាយ៉ាងណាសូមបងប្អូនដែលជាជនជាតិខ្មែរក៏គួរតែមានការប្រុងប្រយ័ត្ន​ឱ្យបានខ្ពស់ព្រោះថា ជាធម្មតាទាំងវៀតណាម និងថៃ សុទ្ធតែមានចំណែកផ្គត់ផ្គង់របស់អស់នេះមកកាន់ខ្មែរដោយបរទេសទាំងពីរនេះនាំចូលមក ឬបងប្អូនខ្មែរមួយចំនួនតូច បាននាំចូលមកដោយខ្លួនឯង តាមរយៈការគេចពន្ធគេចវេសពីការត្រួតពិនិត្យ ឬឃុបឃិតមន្ត្រីសមត្ថកិច្ចតាមព្រំដែនខិលខូចខ្លះ ដោយមិនខ្វល់សុខភាពអ្នកបរិភោគខ្មែរឡើយ៕ ប្រភព៖ Thairath

អត្ថបទដោយ៖ យិត ម៉ានិល