ភ្នំពេញ៖ ខ្លោងទ្វារដ៏មានមហិទ្ធិឫទ្ធិមួយ ដែលបានបន្សល់តាំងពីមុនជំនាន់អាណានិគមនិយមបារាំង បច្ចុប្បន្នមានទីតាំងស្ថិតនៅក្នុងភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង តាមដងផ្លូវជាតិឆ្ពោះទៅខេត្តប៉ៃលិន។

ខ្លោងទ្វារនេះ ត្រូវបានប្រជាពលរដ្ឋ និងអាជ្ញាធរខេត្តរក្សាទុកនៅលើទ្រូងផ្លូវតែម្ដង ដោយមិនហ៊ានប៉ះពាល់ឡើយ ខណៈដែលផ្លូវមួយខ្សែនេះត្រូវបានពង្រីកធ្វើជាផ្លូវភ្លោះ ដោយសារតែខ្លោងទ្វារនេះមានបារមី និងមហិទ្ធិឫទ្ធិពូកែស័ក្ដិសិទ្ធិខ្លាំងពេក។

តាមការរៀបរាប់ពីចាស់ព្រឹទ្ធាចារ្យ ដែលរស់នៅក្នុងភូមិខាងលើនេះបាននិយាយថា ខ្លោងទ្វារដ៏ចាស់មួយនេះគឺបានបន្សល់មកតាំងពីសម័យអាណានិគមនិយមបារាំងមកម្ល៉េះ ព្រោះកាលពីដើមទីតាំងនេះគឺជាដំណាក់របស់ក្សត្រមួយព្រះអង្គ ហើយនៅម្ខាងថ្នល់ទល់មុខនឹងដំណាក់នេះគឺមានស្រះទឹកមួយយ៉ាងធំ ដែលមានឈ្មោះថា«ដំណាក់ហ្លួង»។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUV0QtH6wwX-DfjY1RRQM3dAXSbH2uNCxxytGgGbZdfpSX6LOJhIjvURg4iVDVkHnwyApyeU2k9fExQwUVE6RXN38yUYph7AaK56uA-n5slfNID8BmEsw_P_MUuY65cVbNsT5x2Jtno8j5HCClnhcc-vId9CGJCC6NQmovsvCh3_4fmtFR9FijlvOK/s700/photo_2022-12-04_10-18-42.jpg

ក្រោយមកដោយសារតែមានការផ្លាស់ប្តូរទីតាំងដំណាក់របស់ក្សត្រក្រោយៗ ទើបទីតាំងខាងលើនេះបានកែប្រែទៅជាមន្ទីរពេទ្យព២ (មន្ទីរពេទ្យយោធា) ដោយការសាងសង់ត្រូវបានធ្វើរបងថ្មី ហើយបានតភ្ជាប់ជាមួយនឹងខ្លោងទ្វារនោះតែម្ដង ប៉ុន្តែដោយគ្រាន់តែមិនបានបើកទ្វារដែកនោះឲ្យដំណើរការនោះទេ ដោយបានបិទចោលរហូត ហើយមន្ទីរពេទ្យត្រូវធ្វើខ្លោងទ្វារថ្មីសម្រាប់ឲ្យបុគ្គលិក និងអ្នកជំងឺចេញចូល។

ដោយឡែកស្រះដ៏ធំដែលមានឈ្មោះថាស្រះដំណាក់ហ្លួងក៏ត្រូវបានចាក់ដីលុបជាបណ្តើរៗ ព្រមទាំងបានប្រែក្លាយទៅជាភូមិដំណាក់ហ្លួងរហូតមកទល់នឹងសព្វថ្ងៃនេះ។ នៅក្នុងអំឡុងឆ្នាំ២០១៥នេះ អាជ្ញាធរខេត្តបានកំណត់ពង្រីកផ្លូវនេះធ្វើជាផ្លូវភ្លោះដោយតម្រូវឲ្យមន្ទីរសាធារណការចាត់ចែងការងារពង្រីកផ្លូវឲ្យធំទូលាយ ប៉ុន្តែការពង្រីកនេះបានប៉ះពាល់ដល់របងមន្ទីរពេទ្យនេះទាំងស្រុង ទើបខាងមន្ទីរពេទ្យបានរំកិលរបងថយក្រោយតាមការសំណូមពរពីអាជ្ញាធរខេត្ត ដោយឡែកខ្លោងទ្វារដែលត្រូវបានគេ ចាត់ទុកថាមានបារមីខ្លាំងពូកែនោះ គឺមិនមាននរណាម្នាក់ហ៊ានទៅវាយរំលាយចោលនោះទេ។

បច្ចុប្បន្នខ្លោងទ្វារដ៏មានមហិទ្ធិឫទ្ធិនេះត្រូវបានប្រជាពលលរដ្ឋ និងអាជ្ញាធរចាត់ចែងរៀបចំជាចិញ្ចើមផ្លូវព័ទ្ធជុំវិញ ដោយសុខចិត្តទុកផ្លូវនៅត្រង់នេះមានសភាពតូចចង្អៀតដដែល ហើយបានរៀបការ៉ូឡាយ៉ាងស្អាត ព្រមទាំងមានដាក់ជាកន្លែងដុតធូបទៀន និងព្រះភូមិបន្ថែមទៀតសម្រាប់ឲ្យអ្នកមកពីទីជិតទីឆ្ងាយអាចចូលបន់ស្រន់បាន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMgZyiaoDOH_AatvMZTIj5pUCrg7FyCSOtklMlpJEghrwFx9Ij0z_Q5KRluAV8bJaUcW2q_x4imtoQ0dNnJbvlriOgg2QJNGZ0W81XIPhf2I5KstZMDohlQCQsSmTXeFRkMCNtdj6hB7YAyAOC9Z4KAnmezALkVvZuUJmGfJinh3VGbKjBYzTemWlk/s700/photo_2022-12-04_10-18-42%20(2).jpg