មានមនុស្សមួយចំនួនឃើញរូបភាពនេះហើយឆ្ងល់ថាបង្គោលនេះគេហៅថាអ្វី? ហើយដាក់ដើម្បីអ្វី? ដោយមានអ្នកខ្លះថាបង្គោលព្រំដែន, អ្នកខ្លះថាបង្គោលសម្រាប់វាស់ជម្រៅទឹក? តាមពិតទៅវាមិនមែននោះទេ។

គោលគឺជាបង្គោលដែលបានសាងសង់នៅក្នុងសម័យអាណានិគមបារាំង ដែលបានមកដាក់អាណានិគមលើប្រទេសកម្ពុជាក្នុងឆ្នាំ ១៨៦៣-១៩៥៣។ បង្គោលនេះមានកម្ពស់ចន្លោះពី ៣-៥ ម៉ែត្រ (តាមទឹករាក់ឬជ្រៅ) ឯបង្គោលខ្លះមានដាក់ដែកតឡើងលើប្រហែលជា ២-៣ ម៉ែត្រ បន្ថែមទៀតក៏មាន។May be an image of body of water and nature

គោលនេះធ្វើឡើងដើម្បីសម្គាល់ឬបង្ហាញផ្លូវទឹក នៅតាមចំណុចដែលមានទឹករាក់ មានថ្ម និងល្បាប់ថ្មជាដើម។ ដើម្បីសុវត្ថិភាពនិងដើម្បីងាយស្រួលចំណាំផ្លូវទឹក ក្នុងការធ្វើនាវាចរណ៍ដឹកជញ្ជូនទំនិញតាមផ្លូវទឹក ពីព្រោះនៅក្នុងតំបន់នោះពោរពេញទៅដោយថ្មនិងល្បាក់ថ្ម ផ្លូវទឹកមានភាពតូចចង្អៀតដោយកន្លែងខ្លះមានទំហំត្រឹមតែ ៥០-១០០ម៉ែត្រ តែប៉ុណ្ណោះ ហើយល្បឿននៃទឹកហូរមានកម្លាំងខ្លាំងនិងកួចបោកថែមទៀតផង។ ដូច្នេះវាងាយនឹងមានគ្រោះថ្នាក់ក្នុងការធ្វើដំណើរផ្លូវទឹកប្រសិនណាជាមានការប៉ះទង្គិចបុកជាមួយនឹងថ្ម។May be an image of nature and body of water

គោលទាំងអស់នេះសុទ្ធតែមានលាបថ្នាំដើម្បីចំណាំនៅក្បាលផ្នែកខាងលើ។ ដោយនៅលើក្បាលគោល មានលាបថ្នាំ ពណ៌ខ្មៅ និងពណ៌ក្រហម សម្រាប់សម្គាល់។ នៅពេលធ្វើដំណើរឡើង (បញ្ច្រាស់ទឹក) គោលក្បាលក្រហមស្ថិតនៅ (ខាងស្ដាំដៃ) ឯគោលក្បាលខ្មៅស្ថិតនៅ (ខាងឆ្វេងដៃ), នៅពេលធ្វើដំណើរត្រឡប់ចុះមកវិញ (បណ្ដោយទឹក) គោលក្បាលខ្មៅស្ថិតនៅ (ខាងស្ដាំដៃ) ចំណែកឯគោលក្បាលក្រហមស្ថិតនៅ (ខាងឆ្វេងដៃ) វិញម្ដង។ ប្រសិនបើអ្នកបើកបរទូកឬនាវាភ័ន្តច្រឡំនោះ គ្រោះថ្នាក់ធំនឹងកើតមានភ្លាម។May be an image of body of water and nature

ហើយគោលទាំងអស់នេះត្រូវបានសាងសង់នៅតាមដងទន្លេមេគង្គផ្នែកខាងលើ ដែលចាប់ពីម្ដុំ ឃុំថ្មគ្រែ, អន្លង់ផ្សោត ឃុំសំបុក ស្រុកចិត្របុរី និងឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ឡើងទៅផ្នែកខាងលើដល់ម្ដុំ អន្លង់ផ្សោត ឃុំព្រះរំកិល និងឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ (អតីតស្រុកថាឡាបរិវ៉ាត់) ក្នុងខេត្តស្ទឹងត្រែង រហូតឡើងទៅដល់ទឹកដីប្រទេសឡាវ ផងដែរ៕May be an image of nature