បរទេស៖ នៅទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេស ក្រុមហ៊ុនមួយដែលបានបើកកសិដ្ឋានដាំដំណាំនៅក្រោយដីដ៏ធំជាងគេ បានបញ្ជាក់ថា ដាំណាំស្រស់ៗដែលបានដាំនៅទីនេះ និងក្លាយជាការនាំចេញ និងផ្គត់ផ្គង់អាហារដ៏សំខាន់មួយ។

កាលថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២២ រ៉យទ័រ រាយការណ៍ពីទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេស ថាក្រុមហ៊ុន ស៊ី រ៉ូ កាបុន ហ្វាម (Zero Carbon Farms) ដែលជាក្រុមហ៊ុនដាំដុះឱសថស្រស់ៗ និងបន្លែជាច្រើនប្រភេទនៅ ក្លាប ផាម(Clapham) ដែលមានទីតាំងនៅក្រោមដី នៃទីក្រុងឡុងដ៍ភាគខាងត្បូង បានបង្ហាញពីសក្ដានុពលអំពីដំាំណាំក្រោយដីដែលអាចនិងមានឥទ្ធិពលទៅថ្ងៃអនាគត។

ពិតណាស់បើទោះបីមានប្រជាជនរស់នៅច្រើនកុះករ ហើយមិនមានកន្លែងសម្រាប់កសិកម្មប្រពៃណីនៅទីនោះក៏ដោយ ប៉ុន្តែគំនិតច្នៃប្រឌិតបានកើតឡើងដោយការធ្វើកសិដ្ឋាន ដាំដំណាំនៅក្រោមដីមានជម្រៅប្រហែល ៣០ ម៉ែត្រ មានផ្លូវចូលជារូងក្រោមដីដែលលាតសន្ធឹងប្រហែល ១ គីឡូម៉ែត្រ ហើយបច្ចេកវិទ្យាបានធ្វើឱ្យកសិកម្មនៅទីនេះក្លាយជាការពិត និងទទួលបានជោគជ័យ។

ដំណាំដែលក្រុមហ៊ុននេះបានដាំដុះ វាជាប្រភេទឧក្សាហកម្មបែបបញ្ឈរ ឬជាថ្នាក់ៗ ដែលមានដូចជា ដំណាំ សណ្ដែកបារាំង ស្ពៃជាច្រើនប្រភេទ ស្លឹកខ្ទឹម និងបន្លែជាច្រើនប្រភេទទៀត។ ទោះជាយ៉ាងណាការដាំដុះនេះគឺមានផលវិបាកបន្តិច ព្រោះតែគ្មានពន្លឺព្រះអាទិត្យធម្មជាតិ ដូច្នេះត្រូវការភ្លើងអគ្គិសនី ដោយបន្លែទាំងអស់ត្រូវបានដាក់បញ្ចាំងអំពូលភ្លើង អិល អ៊ី ឌី (LED)។ ប៉ុន្តែការធ្វើឧក្សាហកម្មនៅក្រោមដីនេះត្រូវបានគេសិក្សាឃើញថា បើប្រៀបធៀបទៅនឹងកសិកម្មធម្មតាគឺប្រើទឹកតិចរហូតដល់ ៧០-៩០ ភាគរយ និងប្រើជីតិចរហូតដល់ ៩៥ភាគរយ ហើយការដាំដុះអាចធ្វើបានពេញមួយឆ្នាំក្នុងអត្រាលឿនជាងធម្មតា។

ទន្ទឹមនឹងនោះលោក  ធម ម៉ា ស៊ូ វើ មៀ(Tommaso Vermeer) ប្រធានអ្នកដាំដុះក្នុងកសិដ្ឋានបាននិយាយ ថាក្រុមហ៊ុនសន្យានឹងពង្រីកផ្ទៃដីដាំដុះរបស់ខ្លួនឱ្យបានទ្វេដង ដើម្បីឆ្លើយតបនឹងតម្រូវការកើនឡើងសម្រាប់ទីផ្សារធំៗរបស់ចក្រភពអង់គ្លេស ជាមួយនឹងបច្ចេកវិទ្យា និងបទពិសោធក្នុងការដាំដុះឱ្យមានប្រសិទ្ធភាពជាងនេះ។

ព្រោះថា ក្រុមហ៊ុនកសិកម្ម ដែលប្រើគំរូកសិកម្មបញ្ឈរ វាត្រូវបានគេមើលឃើញថាជាផ្នែកមួយនៃការដោះស្រាយបញ្ហាប្រឈមនឹងសន្តិសុខស្បៀង ស្របពេលនៃការពង្រីកចំនួនប្រជាជន ការប្រែប្រួលអាកាសធាតុ និងភូមិសាស្ត្រនយោបាយកំពុងគំរាមកំហែងដល់ការផ្គត់ផ្គង់អាហារលើពិភពលោក៕ ប្រភព៖ Dailynews