បរទេស៖ របបយោធាមីយ៉ាន់ម៉ាបានដោះលែងអ្នកទោសចំនួន ៦.០០០ នាក់ដ៏ធំមួយទៀត ក្នុងនោះមានជនបរទេស ៤ នាក់ រួមទាំងអ្នកសិក្សាអូស្ត្រាលី អ្នកផលិតឯកសារឯករាជ្យពីប្រទេសជប៉ុន អតីតឯកអគ្គរដ្ឋទូតអង់គ្លេស និងពលរដ្ឋអាមេរិកផងដែរ។

ទីភ្នាក់ងារសារព័ត៌មានបរទេសបានរាយការណ៍ពីទីក្រុងយ៉ាំងហ្គោន ប្រទេសមីយ៉ាន់ម៉ា នាថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា ទូរទស្សន៍ជាតិមីយ៉ាន់ម៉ាបានរាយការណ៍ថា ឧត្តមសេនីយ៍ Min Aung Hlaing អគ្គមេបញ្ជាការកំពូលនៃកងកម្លាំងប្រដាប់អាវុធ និងជានាយករដ្ឋមន្ត្រីមីយ៉ាន់ម៉ា បានលើកលែងទោស ទណ្ឌិតជិត ៦ ពាន់នាក់ក្នុងឱកាសទិវាជ័យជម្នះជាតិ។

ក្នុងចំណោមអ្នកទោសទាំងអស់ដែលត្រូវបានដោះលែងនេះ មានជនបរទេសបួននាក់នឹងត្រូវនិរទេសភ្លាមៗដោយមាន អ្នកសិក្សាជនជាតិអូស្ត្រាលីឈ្មោះ Sean Turnell,  អ្នកផលិតភាពយន្តឯកសារឯករាជ្យជប៉ុន Toru Kubota និងអតីតឯកអគ្គរដ្ឋទូតអង់គ្លេស Vicky Bowman ព្រមទាំងជនជាតិអាមេរិកម្នាក់ទៀតដែលសុំមិនបញ្ចេញឈ្មោះ។

ទោះជាយ៉ាងនេះក្តី វាមិនច្បាស់ទេថាតើ  បុគ្គលទាំងបួននាក់នោះត្រូវបានដោះលែងភ្លាមៗដែរឬទេ៕ ប្រភព៖ Dailynews