អន្តរជាតិ៖ ប៉ូឡូញ និងអង្គការណាតូបាននិយាយថា មីស៊ីលដែលបានបាញ់ទៅលើប្រទេសប៉ូឡូញ ប្រហែលជាការបាញ់ខុសបច្ចេកទេស ដោយប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន ដោយមិនមែនជាការវាយប្រហាររបស់រុស្ស៊ីនោះទេ ខណៈការព្រួយបារម្ភជាសកលថាសង្រ្គាមនៅអ៊ុយក្រែនអាចផ្ទុះឆ្លងព្រំដែន ត្រូវបានបន្ធូរបន្ថយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២។

យ៉ាង​ណា​ក៏​ដោយ ប្រធាន​អង្គការ​អូតង់​បាន​និយាយ​ថា ទីក្រុង​មូស្គូគឺមិន​មែន​ក្រុង​កៀវទេ ដែលត្រូវ​ស្តី​បន្ទោស​ចំពោះ​ការ​ចាប់​ផ្តើម​សង្គ្រាម​តាំង​ពី​ដំបូង និង​បើក​ការ​វាយ​ប្រហារ​ដែល​បង្ក​ឱ្យ​មាន​ការ បាញ់​ការពារវិញពីសំណាក់​អ៊ុយក្រែន។

លោក ជេន ស្ទូតេនប័រ (Jens Stoltenberg) អគ្គលេខាធិការអង្គការណាតូបានប្រាប់ អ្នកយកព័ត៌មាននៅទីក្រុងព្រុចសែលនៅថ្ងៃនេះ «នេះមិនមែនជាកំហុសរបស់អ៊ុយក្រែនទេ។ រុស្ស៊ីត្រូវទទួលខុសត្រូវខ្ពស់បំផុត ខណៈដែលខ្លួនបន្តសង្គ្រាមខុសច្បាប់ប្រឆាំងនឹងអ៊ុយក្រែន»។​

ប៉ូឡូញ និងអង្គការណាតូបាននិយាយថា មីស៊ីលដែលបានបាញ់ទៅលើប្រទេសប៉ូឡូញ ប្រហែលជាការបាញ់ខុសបច្ចេកទេស ដោយប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន ដោយមិនមែនជាការវាយប្រហាររបស់រុស្ស៊ីនោះទេ ខណៈការព្រួយបារម្ភជាសកលថាសង្រ្គាមនៅអ៊ុយក្រែនអាចផ្ទុះឆ្លងព្រំដែន ត្រូវបានបន្ធូរបន្ថយ។

ប៉ូឡូញ ដែលជាសមាជិកបក្សសម្ព័ន្ធយោធាណាតូ (NATO) នៅថ្ងៃពុធនេះបានអះអាងថាមីស៊ីលមួយគ្រាប់ផលិតដោយរុស្ស៉ី បានធ្លាក់ចំតំបន់ភាគខាងកើត នៃប្រទេសរបស់ខ្លួន ស្ថិតនៅក្បែរព្រំដែនជាមួយអ៊ុយក្រែន ហើយបានកោះហៅអគ្គរដ្ឋទូតរុស្ស៉ីប្រចាំទីក្រុងវ៉ាសូវី មកសួរនាំ ក្រោយទីក្រុងមូស្គូបដិសេធថាខ្លួនមិនមែន ជាអ្នកបាញ់មីស៊ីលនេះឡើយ។

គួរបញ្ជាក់ថា មេដឹកនាំណាតូ និងមេដឹកនាំប្រទេសជាដៃគូ បានកោះប្រជុំគ្នានៅថ្ងៃពុធនេះ ដើម្បីពិភាក្សាជុំវិញគ្រាប់មីស៊ីលធ្លាក់ចូលទឹកដីប៉ូឡូញ ខណៈប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រាប់សមភាគីប៉ូឡូញរបស់លោកថាទីក្រុងវ៉ាស៊ីនតោនមានការប្ដេជ្ញាចិត្តឥតងាករេចំពោះណាតូ ហើយនឹងគាំទ្រ ការស៊ើបអង្កេតរបស់ប៉ូឡូញ ៕