វ៉ាស៊ីនតោន៖ សេតវិមាន បានឱ្យដឹងថាប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងមេដឹកនាំ G7 ដទៃទៀតនឹងបើកកិច្ចប្រជុំបន្ទាន់មួយ នៅថ្ងៃពុធនេះដើម្បីពិភាក្សា ពីការវាយប្រហារដោយមីស៊ីលមួយគ្រាប់លើទឹកដីប៉ូឡូញដែលជាសមាជិក NATO ខណៈមានការព្រួយបារម្ភកាន់តែខ្លាំងដោយខ្លាចថាជម្លោះអាចនឹងរាលដាលចូលទឹកដី NATO​។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន សេតវិមានបានគូសបញ្ជាក់ថាកិច្ចប្រជុំបន្ទាន់តុមូល នឹងត្រូវធ្វើឡើងជាបន្ទាន់នៅថ្ងៃពុធនេះរវាងមេដឹកនាំ G7 រួមមាន ចក្រភពអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៉ីតាលី ជប៉ុន និងសហរដ្ឋអាមេរិក ខណៈមេដឹកនាំទាំងនេះកំពុងចូលរួមកិច្ចប្រជុំកំពូល G20 ​នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី។

គួរបញ្ជាក់ថា ប៉ូឡូញ ដែលជាសមាជិកបក្សសម្ព័ន្ធយោធាណាតូ (NATO) នៅថ្ងៃពុធនេះបានអះអាងថាមីស៊ីលមួយគ្រាប់ផលិតដោយរុស្ស៉ី បានធ្លាក់ចំតំបន់ភាគខាងកើត នៃប្រទេសរបស់ខ្លួន ស្ថិតនៅក្បែរព្រំដែនជាមួយអ៊ុយក្រែន។ មីស៊ីលមួយគ្រាប់នេះបានធ្លាក់ចំភូមិ ផ្សេវ៉ូដូវ (Przewodow) ស្ថិតនៅភាគខាងកើតប្រទេសប៉ូឡូញ នៅចម្ងាយប្រហែល ៦គីឡូម៉ែត្រពី ព្រំដែនអ៊ុយក្រែន នៅម៉ោង៣៖៤០នាទីរសៀលកាលពីថ្ងៃអង្គារសប្ដាហ៍នេះ ដោយបានផ្ដាច់ជីវិតមនុស្ស២នាក់។

ប៉ូឡូញ ក៏បានកោះហៅអគ្គរដ្ឋទូតរុស្ស៉ីប្រចាំទីក្រុងវ៉ាសូវី មកសួរនាំផងដែរ ក្រោយទីក្រុងមូស្គូបដិសេធថាខ្លួនមិនមែនជាអ្នកបាញ់មីស៊ីលនេះឡើយ។ រីឯសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិច បាននិយាយថាពួកគេកំពុងបើកការស៊ើបអង្កេត ដោយមិនទាន់អាចបញ្ជាក់ថាតើនរណាជាអ្នកនៅពីក្រោយ ការវាយប្រហារនេះនៅឡើយទេ៕