រដ្ឋធានីហ្សាការតា៖ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនង រវាងក្រុងប៉េកាំង និង កង់បេរ៉ា បានធ្លាក់ដុនដាប់ខ្លាំង រហូតឈានដល់ការហាមឃាត់ពាណិជ្ជកម្មថែមទៀតផង ទើបប្រធានាធិបតីចិន និង នាយករដ្ឋមន្រ្ដីអូស្រ្ដាលី បានជួបចរចាទល់មុខគ្នា ជាលើកដំបូង នៅក្នុងរយៈពេល៦ឆ្នាំមកនេះ នៅក្រៅកិច្ចប្រជុំ G20 ស្ថិតក្នុងប្រទេសឥណ្ឌូណេស៊ី ដើម្បីផ្សះផ្សាគ្នាឡើងវិញ។

សារព័ត៌មានរបស់អូស្រ្ដាលី 9News បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី១៥ ខែវិច្ឆិកា ថា នៅក្នុងជំនួបរបស់លោក អាន់តូនី អាល់បានីស (Anthony Albanese) នាយករដ្ឋមន្រ្ដីអូស្រ្ដាលី ជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង (Xi Jinping) បានបង្ហាញសញ្ញាវិជ្ជមាន។ មេដឹកនាំទាំង នឹងធ្វើឲ្យមានវឌ្ឍនភាព ឆ្ពោះទៅរកការធ្វើឲ្យទំនាក់ទំនងល្អប្រសើរឡើងវិញ។

នាយករដ្ឋមន្រ្ដីអូស្រ្ដាលី បានថ្លែង នៅក្នុងសន្និសីទសារព័ត៌មាន ក្រោយកិច្ចប្រជុំទ្វេភាគីជាមួយប្រធានាធិបតីចិន លោក ស៊ី នៅខាងក្រៅកិច្ចប្រជុំកំពូល G20 នៅឯកោះបាលី ប្រទេសឥណ្ឌូណេស៊ី ថា «ខ្ញុំបានបង្ហាញ អំពីជំហររបស់ប្រទេសអូស្ត្រាលី ខណៈនិយាយអំពីការរាំងស្ទះ នៅក្នុងទំនាក់ទំនងពាណិជ្ជកម្មរបស់ប្រទេសយើងទាំង២។ នេះជាការពិភាក្សា ប្រកបដោយវិជ្ជមាន ហើយយើងបានដាក់ចេញនូវគោលជំហររបស់យើង មិនដូចគ្នានឹងសេចក្តីប្រកាស កាលពីពេលមុន»។

ប្រធានាធិបតីចិន និង នាយករដ្ឋមន្រ្ដីអូស្រ្តាលី បានជួបទល់មុខគ្នាជាលើកដំបូង នៅក្រៅកិច្ចប្រជុំកំពូល G20 ក្រោយពេលទំនាក់ទំនង រវាងប្រទេសទាំង២ បានធ្លាក់ដុនដាបខ្លាំង នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ជាមួយគ្នានេះ ក្រុងប៉េកាំង ក៏បានរារាំងដល់ពាណិជ្ជកម្មរបស់អូស្រ្ដាលី ហើយជំនួបនេះ នឹងផ្ដល់សញ្ញាវិជ្ជមានច្រើន ដល់ប្រទេសទាំង២នេះ៕