សុខភាព៖ ភាពភ្លឺថ្លា និងស្រស់ស្អាត សក់ភ្លឺចែងចាំង ជានិមិត្តរូបនៃភាពក្មេងវ័យ ទោះបីជាយ៉ាងណាក៏ដោយ ជាមួយនឹងអាយុ ស្បែក និងសក់ចាប់ផ្តើមបាត់បង់ភាពភ្លឺរលោង និងភាពស្រស់ស្អាត ដោយសារតែការផ្លាស់ប្តូរនៃកោសិកាស្បែក និងសក់។ ជាលទ្ធផលបានធ្វើឱ្យមនុស្ស ចាប់ផ្ដើមមានសក់ស្តើង មានសក់ពណ៌ស្កូវ និងស្ងួត ស្បែកចាប់ផ្ដើមស្រអាប់ និងជ្រីវជ្រួញជាដើម។

ដូច្នេះ សូមណែនាំពីរបៀបជួយពន្យាភាពចាស់ ជាមួយនឹងគ្រឿងទេសដែលងាយរក និងអាចបរិភោគបានយ៉ាងងាយស្រួលជារៀងរាល់ថ្ងៃ៖

១. ឈើឯម (Cinnamon)

ឈើឯមគឺជាគ្រឿងទេសដែលជួយរក្សាភាពក្មេងជាងវ័យនៃស្បែក និងកោសិកាសក់ ព្រោះវាសម្បូរទៅដោយសារធាតុ Proanthocyanidins) ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលបំផុតក្នុងចំណោមសមាសធាតុ polyphenol ។ សារធាតុនេះជួយការពារភាពចាស់នៃសរសៃឈាម ដោយជា លទ្ធផលក្នុងការបញ្ជូនសារធាតុចិញ្ចឹម និងអុកស៊ីហ្សែនទៅស្បែក និងកោសិកាសក់ វានឹងការពារសក់ស្តើង និងស្បែកស្រអាប់ ក៏ដូចជាមានស្នាមជ្រីវជ្រួញជាដើម។

របៀបបរិភោគយ៉ាងងាយស្រួល ដោយការរោយម្សៅឈើឯមលើកាហ្វេ ទឹកដោះគោ ទឹកដោះគោជូរ និងផ្លែឈើ ក្នុងបរិមាណដែលបានណែនាំដើម្បីឱ្យមានអត្ថប្រយោជន៍ និងសុវត្ថិភាពសម្រាប់រាងកាយ។ ក្នុងនោះមនុស្សពេញវ័យដែលមានទម្ងន់ប្រហែល ៦០ គីឡូក្រាមគួរតែទទួលទានមិនលើសពី២ ក្រាមក្នុងមួយថ្ងៃ ឬតិចជាង១ ស្លាបព្រា ហើយកុមារដែលមានទម្ងន់ប្រហែល១៥ គីឡូក្រាមគួរតែញ៉ាំមិនលើសពី ០,៥ ក្រាមក្នុងមួយថ្ងៃ។

២. ខ្ទឹមស

ខ្ទឹមសសម្បូរទៅដោយសារធាតុ Allicin ដែលមានលក្ខណៈសម្បត្តិប្រឆាំងនឹងបាក់តេរី និងធ្វើអោយឈាមរត់បានប្រសើរឡើង ជាលទ្ធផលក្នុងការបញ្ជូនសារធាតុចិញ្ចឹម និង អុកស៊ីហ្សែនទៅក្នុងស្បែក និង កោសិកាសក់បានយ៉ាងល្អ លើសពីនេះខ្ទឹមសក៏សម្បូរទៅដោយវីតាមីន B6 ដែលជួយក្នុងការបង្កើតកោសិកាឡើងវិញផងដែរ។

របៀបទទួលទានដើម្បីភាពស្រស់ស្អាត អាចធ្វើបានដោយយកខ្ទឹមសចិញ្ច្រាំឱ្យល្អិត ឬហាន់ជាចំនិតៗ ហើយប្រើជាគ្រឿងផ្សំក្នុងសាឡាត់ និងមុខម្ហូបផ្សេងៗតាមចំណង់ចំណូលចិត្ត។

៣. ខ្ញី

ខ្ញី​ជា​ឱសថ​មួយ​ប្រភេទ​ទៀត​ដែល​ជួយ​រក្សា​ភាព​ក្មេង​ជាង​វ័យ​របស់​សក់ និង​ស្បែក ក្នុងនោះខ្ញីសម្បូរទៅដោយសារធាតុ Gingerol និង Shogaol ដែលជួយពង្រឹងប្រព័ន្ធការពាររាងកាយ មានសារធាតុប្រឆាំងអុកស៊ីតកម្ម និងជួយឱ្យឈាមរត់បានល្អ ជា​លទ្ធផលវាធ្វើការ​បញ្ជូន​សារធាតុចិញ្ចឹម និង​អុកស៊ីហ្សែន​ទៅ​ស្បែក និង​កោសិកា​សក់បានយ៉ាងល្អ​ផងដែរ។

៤. រមៀត

អ្នកដឹងទេជនជាតិជប៉ុនប្រើរមៀតជាគ្រឿងផ្សំក្នុងការីរបស់គេ និងដាក់ផលិតផលភេសជ្ជៈ សម្រាប់ផឹកមុន និងក្រោយការពិសាគ្រឿងស្រវឹង។ សារធាតុ Curcumin ដែលមានច្រើននៅក្នុងរមៀតមានលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្មបានយ៉ាងល្អ វាជួយបណ្តេញជាតិពុលចេញពីរាងកាយ និងជួយការពារថ្លើម លើសពីនេះ សារធាតុនេះក៏ជួយជួសជុល និងស្តារកោសិកាដែលខូចដោយសារសារធាតុបង្កគ្រោះថ្នាក់ ភាពតានតឹង និងរ៉ាឌីកាល់សេរីជាដើម។

របៀបទទួលទាន រមៀតអាចយកជាទម្រង់កន្សោម(ក្បាល)គឺល្អបំផុត ហើយម្សៅរមៀតរោយទៅលើការចម្អិនអាហារ ឬបន្ថែមវាទៅលើម្ហូបដែលឆ្អិនរួចជាស្រេចក៏បាន។

ដូច្នេះសម្រាប់អ្នកដែលមិនចង់ឆាប់ចាស់នោះ សូមសាកល្បងប្រើឱសថ និងគ្រឿងទេសដែលងាយរក បានតាមផ្ទះដើម្បីថែរក្សាសម្រស់របស់អ្នកឱ្យក្មេងជាងវ័យ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ អ្នកគួរតែបរិភោគក្នុងកម្រិតមធ្យម កុំច្រើនពេករហូតដល់វាបង្កជាផលប៉ះពាល់ដល់រាងកាយ៕ Sanook