សុខភាព៖ ពិតណាស់មនុស្សជាច្រើននឹងប្រាថ្នាចង់បានអាយុវែង ដើម្បីនៅជាមួយមនុស្សជាទីស្រឡាញ់ និងចង់ឃើញពីការវិវឌ្ឍន៍របស់គ្រួសារ ក៏ដូចជាមជ្ឈដ្ឋានជុំវិញឱ្យបានយូរ។

ដូច្នេះដើម្បីចង់ក្លាយជាមនុស្សមាំមួន និងមានអាយុវែងនេះគឺជារឿង ៧ យ៉ាងដែលអ្នកគួរធ្វើ វានឹងជួយអ្នកឱ្យរស់នៅបានយូរ៖

១. តុល្យភាពការងារ-ជីវិត

ស្វែងរកតុល្យភាពរវាងជីវិត និងការងារ ក្នុងសម័យនេះគេអាចនិយាយបានថាការងារលំបាកអាចសម្លាប់មនុស្សបាន ការងារជាមូលហេតុចម្បងដែលធ្វើឱ្យមនុស្សធុញថប់និងមានអារម្មណ៍មិនសប្បាយចិត្តក្នុងជីវិត ។

ដូច្នេះរឿងដែលអ្នកគួរធ្វើគឺ បន្ទាប់ពីម៉ោងចេញពីការងារអ្នកមិនគួរយករឿងសៅហ្មង ឬបញ្ហាទៅផ្ទះនោះទេ នេះគឺជារឿងងាយស្រួលបំផុតដែលអ្នកគួរធ្វើ។

២. ទុកពេលធ្វើរឿងដែលធ្វើអោយអ្នកសប្បាយចិត្ត

អ្នកមានភាពតានតឹងគ្រប់គ្រាន់ហើយក្នុងជីវិត ដូច្នេះគួរស្វែងរកពេលវេលាដើម្បីធ្វើរឿងដែលអ្នកចូលចិត្ត ធ្វើអ្វីមួយដែលធ្វើឱ្យអ្នកសប្បាយចិត្ត មិនថាដេកលើគ្រែ អានសៀវភៅ មើលកុន ឬដើរលេងទេ នឹងជួយឱ្យអ្នកកាន់តែសប្បាយចិត្ត និងរស់នៅបានយូរ។

គួរធ្វើមួយថ្ងៃក្នុងមួយសប្តាហ៍ ជ្រើសរើសសកម្មភាពដែលយើងនឹងធ្វើហើយចំណាយពេលជាមួយវាឱ្យបានពេញលេញ។

៣. ជួបមិត្តជិតស្និទ្ធជាញឹកញាប់

មានការស្រាវជ្រាវគួរឱ្យចាប់អារម្មណ៍មួយចំនួនដែលបង្ហាញថា មនុស្សដែលមិនបានជួបអ្នកដទៃ មនុស្សដែលមិនចូលសង្គមគឺ ៥០ភាគរយ ទំនងជាស្លាប់ឆាប់ជាងអ្នកដែលជួបមិត្តភក្តិ ឬចូលក្នុងសង្គម។

ដូច្នេះអ្នកគ្រាន់តែធ្វើការណាត់ជួប ហើយលុបចោលនូវអ្វីគ្រប់យ៉ាងដែលនឹងធ្វើឱ្យមានការខកខានពីការជួបគ្នាដ៏រីករាយុនេះ។

៤. ធ្វើសមាធិ ៥ នាទី ក្នុងមួយថ្ងៃ

មានការស្រាវជ្រាវជាច្រើនដែលបង្ហាញថាការធ្វើសមាធិ គឺល្អសម្រាប់សុខភាពផ្លូវកាយនិងផ្លូវចិត្ត កុំគិតវែងឆ្ងាយថាយើងអង្គុយរាប់ម៉ោង ចំណាយពេលត្រឹមតែ៥ នាទីក្នុងមួយថ្ងៃ គឺគ្រប់គ្រាន់ហើយ។

ដូច្នេះអ្នកគ្រាន់តែអង្គុយចុះហើយបិទភ្នែក ដកដង្ហើមចូល និងចេញ ដោយអារម្មណ៍ស្ងប់ចំនួន៥នាទី។

៥. ផឹកស្រាក្នុងកម្រិតមធ្យម

ការផឹកស្រាក្នុងកម្រិតមធ្យមអាចមានឥទ្ធិពលមានប្រយោជន៍លើរាងកាយរបស់អ្នក ដូចជាកាត់បន្ថយហានិភ័យនៃជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល ហើយវាក៏ត្រូវបានគេរាយការណ៍ថាអាចជួយជាមួយនឹងជំងឺវង្វេងផងដែរ។

ដូច្នេះសូមមើលការណែនាំមួយចំនួនសម្រាប់បរិមាណអាល់កុលត្រឹមត្រូវសម្រាប់មនុស្សម្នាក់ៗ ពីរបាយការណ៍ស្រាវជ្រាវផ្សេងៗអំពីស្រា ព្រោះស្រាក៏ជាជម្រើសដ៏ល្អមួយផងដែរ ដោយសារតែវាមានជាតិអាល់កុលទាប ដោយព្យាយាមផឹកស្រាមិនលើសពីពីរកែវក្នុងមួយថ្ងៃ។

៦. ធ្វើលំហាត់ប្រាណ ៣០នាទី ក្នុងមួយថ្ងៃ

ការធ្វើលំហាត់ប្រាណយ៉ាងហោចណាស់ ៣០ នាទីក្នុងមួយថ្ងៃមានអត្ថប្រយោជន៍យ៉ាងធំធេងចំពោះសុខភាព អាចកាត់បន្ថយហានិភ័យនៃជំងឺផ្សេងៗ គេងលក់ស្រួល អារម្មណ៍ល្អ ​និងរាងស្អាត។

គួររកពេលវេលាដែលយើងអាចហាត់ប្រាណបាន ដោយកំណត់កាលវិភាគច្បាស់លាស់ បន្ទាប់មកគ្រាន់តែព្យាយាម ហើយចាប់ផ្តើមធ្វើវា។

៧. ចេញទៅក្រៅដើម្បីទទួលបានពន្លឺថ្ងៃ ប៉ុន្តែកុំភ្លេចឡេការពារកម្តៅថ្ងៃ

ពន្លឺព្រះអាទិត្យផ្តល់វីតាមីន D ដែលជួយធ្វើឱ្យមានតុល្យភាពសារធាតុរ៉ែដូចជាកាល់ស្យូម និងផូស្វាត ព្រមទាំងរួមចំណែកដល់ប្រព័ន្ធភាពស៊ាំនៃរាងកាយ ពង្រឹងឆ្អឹងឱ្យរឹងមាំផងដែរ។

ដូច្នេះចេញទៅក្រៅក្រោមពន្លឺព្រះអាទិត្យរយៈពេល ១៥ នាទីនៅពេលព្រឹក ដើម្បីបញ្ចោញស្បែករបស់អ្នកទៅនឹងពន្លឺព្រះអាទិត្យ។ ប៉ុន្តែ អ្នកត្រូវលាបឡេការពារកម្ដៅថ្ងៃដើម្បីការពារស្បែកពីកម្ដៅថ្ងៃ ហើយបើជម្រើសល្អគឺថ្ងៃទើបរះនៅពេលព្រឹក ឬថ្ងៃរៀបលិចនៅពេលល្ងាច។

រឿង៧យ៉ាងដែលអ្នកនឹងធ្វើនេះ វាធ្វើឱ្យជីវិតអ្នកកាន់តែប្រសើ និងអាចរស់នៅបានយូរ ជាមួយនឹងវិធីងាយៗទាំងអស់នេះ ទោះយ៉ាងណាក៏ដោយកុំភ្លេចធ្វើវា ព្រោះមិនមែនសម្រាប់នរណាម្នាក់ទេ ប៉ុន្តែធ្វើវាសម្រាប់ខ្លួនយើង៕ ប្រភព៖ Sanook